ប្រធានាធិបតីអ៊ុយក្រែនបំពេញទស្សនកិច្ច ទៅកាន់ប្រទេសអង់គ្លេស

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៣បានផ្សាយថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី នាថ្ងៃពុធនេះបានធ្វើដំណើរមកដល់ទីក្រុងឡុងដ៍ ដើម្បីជួបជាមួយនាយករដ្ឋមន្រ្តីលោក រីស៉ី ស៊ូណាក់ ដែលជាការបំពេញទស្សនកិច្ចជាលើកដំបូងបំផុត មកកាន់ចក្រភពអង់គ្លេស ក្នុងអំឡុងពេលប្រទេសរបស់លោក កំពុងមានសង្រ្គាមជាមួយរុស្ស៉ី។
ម៉្យាងវិញទៀត វាជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកទីពីរហើយរបស់លោក ហ្សេលេនស្គី គិតចាប់តាំងពីរុស្ស៉ីបានបញ្ជូនកងទ័ពចូលឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ អំឡុងនៃការបំពេញទស្សនកិច្ចនេះ លោកប្រធានាធិបតីអ៊ុយក្រែន នឹងចុះសួរសុខទុក្ខកងទ័ពនៃប្រទេសរបស់លោកដែលបច្ចុប្បន្នកំពុង ទទួលការហ្វឹកហាត់នៅចក្រភពអង់គ្លេស ហើយរូបលោកក៏នឹងឡើងថ្លែងសុន្ទរកថាក្នុងសភាអង់គ្លេសផងដែរ។ ក្រៅពីជួបពិភាក្សាជាមួយលោក ស៊ូណាក់ លោក ហ្សេលេនស្គី នឹងចូលគាល់ព្រះមហាក្សត្រអង់គ្លេស ព្រះអង្គ ឆាល ថែមទៀតផង។ លោក ហ្សេលេនស្គី បានចេញពីប្រទេសជាលើកដំបូង ក្រោយពេលមានសង្រ្គាមកាលពីចុងឆ្នាំមុន ដើម្បីបំពេញទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក។
ទន្ទឹមគ្នានេះ ការិយាល័យលោក ស៊ូណាក់ បានប្រកាសពីគម្រោងដើម្បីពង្រីកបន្ថែមទៀតនូវកម្មវិធីផ្តល់ការហ្វឹកហាត់ដល់កងកម្លាំងយោធារបស់អ៊ុយក្រែន ដោយក្រុមពីឡុតយន្តហោះចម្បាំង ហើយនិងកងម៉ារីនរបស់អ៊ុយក្រែន នឹងត្រូវទទួលបានការបណ្តុះបណ្តាល។ មិនតែប៉ុណ្ណោះ ទីក្រុងឡុងដ៍នឹងខំប្រឹងប្រែងពន្លឿនល្បឿននៃការផ្តត់ផ្គង់បរិក្ខារយោធាដល់ទីក្រុងកៀវ។ អង់គ្លេសបាននិយាយថា ការហ្វឹកហាត់ពីឡុតអ៊ុយក្រែន មានគោលដៅជាចម្បងធានាឱ្យបានថា ពួកគេនឹងមានសមត្ថភាពប្រើប្រាស់ យន្តហោះចម្បាំងទំនើបៗនៃស្តង់ដាររបស់អង្គការណាតូ (NATO) នាពេលអនាគត។
កាលពីខែវិច្ឆិកា ឆ្នាំ២០២២ លោក ស៊ូណាក់ បានបំពេញទស្សនកិច្ចដោយមិនប្រកាសឱ្យដឹងជាមុន ទៅកាន់ទីក្រុងកៀវ ដើម្បីជួបជាមួយ លោក ហ្សេលេនស្គី។ រីឯលោក បូរីស ចនសុន ក៏ធ្លាប់បានទៅបំពេញទស្សនកិច្ចប៉ុន្មានលើកនៅទីនោះផងដែរ អំឡុងពេលលោកនៅជានាយករដ្ឋមន្រ្តីអង់គ្លេស គិតចាប់តាំងតែពីសង្រ្គាមផ្ទុះឡើងមក៕ដោយធីរីណា

...

រូប​ថត​ : Vietnamplus.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print