ប្រជាពលរដ្ឋរិះគន់យានដ្ឋានជួសជុលរថយន្តធុនធំមួយកន្លែងក្នុងក្រុងសិរីសោភ័ណ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋបានរិះគន់យានដ្ឋានជួសជុលរថយន្តធុនធំមួយកន្លែងក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលកំពុងបង្កសំឡេងរំខាន គ្មានសណ្តាប់ធ្នាប់លើផ្លូវសាធារណៈ និងមិនមានសុវត្ថិភាពចំពោះសិស្សសាលាដែលធ្វើដំណើរ តាមដងផ្លូវ ។

ការរិះគន់នេះ បន្ទាប់ពីមានករណីកើតឡើងផ្ទួនៗជាក់ស្តែងមានរថយន្តយីឌុបមួយគ្រឿងថយក្រោយចេញពីយានដ្ឋានខាងលើទៅបុកបង្គោលភ្លើងរដ្ឋបាក់ខ្ទេចមួយដើម កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចភូមិ-សង្កាត់ខាងលើ ។

ម្ចាស់យានដ្ឋានដែលរងការរិះគន់បានឲ្យដឹងថា ដ្បិតតែកន្លែងរបស់លោកបង្ក សំឡេងរំខានខ្លះពិតមែនតែនៅពេល​ម៉ោងសម្រាករបស់ពលរដ្ឋលោកក៏ឈប់សម្រាកដែរ ហើយកន្លែងរបស់លោកក៏មានច្បាប់ អនុញ្ញាតឲ្យដំណើរការត្រឹមត្រូវពីក្រសួងសាធារណការ និងដឹកជញ្ជូន ។​ ចំណែក ខាងសណ្ដាប់ធ្នាប់ វិញក៏មានការអនុញ្ញាតពីសមត្ថកិច្ចផងដែរ។ ដោយឡែកលើ បញ្ហាដែលថា មិនមានសុវត្ថិភាពដល់ ក្មេងៗសិស្សសាលា ដែលធ្វើដំណើរតាម ផ្លូវលោកគិតថា មិនមែនជាបញ្ហាចោទ នោះទេ ព្រោះការធ្វើដំណើរទៅឬមកពី សាលារបស់សិស្សសុទ្ធសឹងតែជាម៉ោង ដែលលោកសម្រាកដូចគ្នា ។ សូមបញ្ជាក់ ថា កន្លងមកយានដ្ឋានមួយនេះក៏ធ្លាប់បង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋដែរ ដូចជាបើករថយន្តសាកជ្រុលបុករថយន្តផ្សេងទៀតជាញឹកញាប់ ។ ម្យ៉ាងវិញទៀតថ្មីៗ នេះ ក្រសួងសាធារណការនិងដឹកជញ្ជូនបាននិងកំពុងពង្រឹងច្បាប់លើយានដ្ឋានជួសជុល និងដំឡើងរថយន្តកែច្នៃឲ្យអនុវត្តត្រឹមត្រូវតាមច្បាប់ ដូចនេះសង្ឃឹមថា យានដ្ឋានខាងលើនឹងធ្វើការកែសម្រួលនូវអ្វីដែលអាច ប៉ះពាល់ដល់ពលរដ្ឋ ៕

Untitled-1-16

ដោយ៖ ហេង នរិន្ទ្រ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print