ភ្នំពេញៈបន្ទាប់ពីប្រជាពលរដ្ឋនិងអ្នកដំណើររិះគន់ក្រុមរថយន្តរកស៊ីដឹកជញ្ជូនដី ដឹកថ្ម ដឹកខ្សាច់ និងក្រុមហ៊ុនលាយបេតុងដែលតែងតែបង្កភាពអណាធិបតេយ្យ ធ្វើអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈរួចមក នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ លោករស់ សុភ័ក្រ អភិបាលរងខណ្ឌតំណាងលោកអភិបាលខណ្ឌច្បារអំពៅបានហៅម្ចាស់អាជីវកម្មរកស៊ីដឹកដី ដឹកខ្សាច់ ដឹកថ្ម និងក្រុមហ៊ុនលាយបេតុងសរុបចំនួន៣១អាជីវកម្ម មកណែនាំនិងធ្វើកិច្ចសន្យាអោយបញ្ឈប់ការដឹកជញ្ជូនបង្កអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈតទៅទៀត។ ដោយឡែកម្ចាស់អាជីវកម្មទាំងអស់បានយល់ព្រមៗទៅតាមការលើកឡើងរបស់អាជ្ញាធរខណ្ឌក៏ដូចជាការណែនាំរបស់សាលារាជធានីភ្នំពេញ ។
លោករស់ សុភ័ក្រ អភិបាលរងខណ្ឌច្បារអំពៅបានអោយដឹងថា កន្លងមកអាជ្ញាធរខណ្ឌច្បារអំពៅបានចុះត្រួតពិនិត្យផ្ទាល់នៅតាមទីតាំងធ្វើអាជីវកម្មដឹកដី ដឹកខ្សាច់ ថ្ម និងក្រមហ៊ុនលាយបេតុងដោយបានធ្វើការណែអោយម្ចាស់អាជីវកម្មទាំងអស់ត្រូវដឹកជញ្ជូនទៅតាមការណែនាំរបស់សាលារាជធានីភ្នំពេញក៏ជាការណែនាំរបស់ក្រសួងរ៉ែនិងថាមពល ។ ការណែនាំកន្លងមកពិនិត្យឃើញថាម្ចាស់អាជីវកម្មមួយចំនួនអនុវត្តតាម ហើយមួយចំនួនទៀតមិនអនុវត្តតាមនោះឡើយថែមទាំងដឹកជញ្ជូនដីខ្សាច់ហូរទឹកចេញពីរថយន្តស្រកមកលើផ្លូវជាតិ ចំណែករថយន្តដឹកដីដឹកថ្មវិញដាក់ហួសទ្រុងមិនព្រមយកតង់កៅស៊ូគ្របឡើយ ដែលសកម្មភាពបែបនេះបង្កការគ្រោះជារឿយៗដល់អ្នកដំណើរ ចំណែករថយន្តលាយបេតុងវិញក៏ដូចគ្នាដែរពេលខ្លះអាងថៅកែមានឋានៈយសស័ក្តិខ្ពស់ មានងារជាឧកញ៉ាបើកបរលើផ្លូវជាតិម្តងៗបង្កការំខានដល់អ្នកដំណើរជាពិសេសអ្នកបើកបររថយន្តប្រើស៊ីប្លេខ្យល់ជាន់ម្តងៗស្ទើបែកក្រដាស់ត្រចៀក បើអ្នកដំណើរណាខ្សោយបេះដូងវិញអាចមានគ្រោះថ្នាក់ជាយថាហេតុ ។ ផ្តើមចេញពីសកម្មភាពធ្វើអោយប៉ះពាល់ដល់អ្នកដំណើរនិងសណ្តាប់ធ្នាប់សាធារណៈនេះទើបអាជ្ញាធរខណ្ឌអញ្ជើញម្ចាស់អាជីវកម្មទាំងអស់មកប្រជុំណែនាំនិងធ្វើកិច្ចសន្យាឡើងវិញ ដើម្បីអោយម្ចាស់អាជីវកម្មទាំងនោះភ្ញាក់រលឹកចូលរួមអនុវត្តតាមការណែនាំរបស់សាលារាជធានីភ្នំពេញទាំងអស់គ្នា.អ្នកដែលទទួលផលចំណេញគឺម្ចាស់អាជីវកម្ម ឯអ្នកដែលប្រឈមនិងការរិះគន់ពីសំណាក់ប្រជាពលរដ្ឋគឺអាជ្ញាធរដែនដីដូច្នេះហើយសូមអោយម្ចាស់អាជីវកម្មដឹកដី ដឹកខ្សាច់ ថ្ម និងលាយបេតុង ចូលទាំងអស់គ្នាដើម្បីសណ្តាប់ធ្នាប់ល្អ ទីក្រុងស្អាត បរិស្ថានល្អ ទេសចរណ៍កើនឡើង.។
លោកអភិបាលរងខណ្ឌបានបន្ត ការណែនាំដាក់អោយម្ចាស់អាជីវកម្មអនុវត្តនោះ គឺតម្រូវអោយរថយន្តដឹកដី ដឹកថ្ម គ្រួស ខ្សាច់ និងលាយបេតុងត្រូវធ្វើការលាងសម្អាតកង់រថយន្តអោយបានស្អាត និងគ្របក្រណាត់តង់ពីពេលដឹកជញ្ជូនដើម្បីធានាកុំអោយហៀរ កំពប់ជ្រុះមកលើផ្លូវនិងដឹកសំពីងសំពោងហួសពីស្តង់ដាទ្រុង និងមិនអោយដឹកលើសទម្ងន់កំណត់ព្រមទាំងហាមរថយន្តកែច្នៃខុសបច្ចេកទេសធ្វើចរាចរណ៍ ។ នេះមិនមែនជាលើកទី១នោះដែលអាជ្ញាធរខណ្ឌធ្វើការណែនាំអោយម្ចាស់អាជីវកម្មទាំងអស់នៅទូទាំខណ្ឌ ពោលគឺធ្វើឡើងជាច្រើនលើកច្រើនសារមកហើយ ។ អាជ្ញាធសង្ឃឹមថាចាប់ពីពេលនេះតទៅម្ចាស់អាជីវកម្មដឹកដី ដឹកខ្សាច់ ដឹកគ្រួស ដឹកថ្ម និងម្ចាស់ក្រុមហ៊ុនលាយបេតុង ទាំងអស់ចូលរួមអនុវត្តតាមការណែនាំរបស់សាលាខណ្ឌនិងសាលារាជធានីភ្នំពេញអោយមានប្រសិទ្ធភាពទៅតាមអ្វីម្ចាស់អាជីវកម្មយល់ព្រមទាំងអស់គ្នានៅក្នុងកិច្ចប្រជុំ ៕
ដោយសណ្តោស