ខេត្តមណ្ឌលគិរីៈ សមត្ថកិច្ចបានប្រទះឃើញឈើជាច្រើនម៉ែត្រគូបដែលរថយន្តបាកុង២គ្រឿងនិងម៉ូតូ១គ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ នៅចំណុចកន្លែងច្រៀកឈើក្នុងបរិវេណទីតាំងប្រណាំងរថយន្ត Off-Road ដែលស្ថិតនៅក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ហើយក៏ធ្វើការបង្ក្រាបតែម្តង។
សមត្ថកិច្ចបានឱ្យដឹងថា មន្ត្រីរដ្ឋបាលព្រៃឈើថ្នាក់ជាតិ ថ្នាក់ខណ្ឌ ដឹកនាំដោយលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ខណៈដែលចុះល្បាតបានប្រទះឃើញឈើជាច្រើនម៉ែត្រគូប និងចំនៀរឈើបន្សល់ទុកនៅក្នុងទីតាំងនោះយ៉ាងច្រើន រួមជាមួយរថយន្តបាកុងចំនួន២គ្រឿង និងម៉ូតូ១គ្រឿង ព្រមទាំងរោងតង់ប្រមាណ៤ជំរំនៅក្នុងបរិវេណទីតាំងប្រណាំងរថយន្ត Off-Road ស្ថិតក្នុងភូមិមេប៉ៃ ភូមិពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។ ពេលសមត្ថកិច្ច ទៅដល់ភ្លាមក្រុមជនល្មើសបានរត់គេចចូលព្រៃបាត់អស់ទៅដោយបន្សល់ទុកតែវត្ថុតាង។
ប្រភពដដែលបង្ហើបថា រថយន្តបាកុង ២គ្រឿងនោះ គឺជារបស់ស្រ្ដីឈ្មួញឈើម្នាក់ឈ្មោះ ចែគា ។
ក្រុមមន្ត្រីជំនាញបានសន្និដ្ឋានថា ដោយសារទីតាំងមានអំណោយផលទើបក្រុមឧក្រិដ្ឋជនព្រៃឈើសហការគ្នាជាមួយម្ចាស់ក្លិបគោព្រៃលបលួចធ្វើសកម្មភាពលាក់ឈើ និងដឹកចេញជាហូរហែយូរមកហើយ។
ប្រភពបានបង្ហើបបន្តថា ម្ចាស់ទីតាំង Off Road នោះឈ្មោះលោកទូច រស្មី ប្រធានក្លិបគោព្រៃ ១២motor park ។
ក្រោយការត្រួតពិនិត្យនិងបង្ក្រាប វត្ថុតាងទាំងអស់ត្រូវបានសមត្ថកិច្ចដឹកជញ្ជូនយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត មណ្ឌលគិរី ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់ព្រៃឈើ ៕ ដោយ៖ ជីវ័ន្ត