លទ្ធផលស្ទង់មតិទៅលើបេក្ខភាពនាយករដ្ឋមន្ត្រីថៃ សម្រាប់ការបោះឆ្នោតនាពេលខាងមុខ

ចែករំលែក៖

តាមលទ្ធផលស្ទង់មតិដែលបានប្រកាសកាលពីថ្ងៃទី២០ខែកុម្ភៈបង្ហាញឱ្យឃើញថា បេក្ខភាពនាយករដ្ឋមន្ត្រីថៃកំពុងតែមានសំឡេងគាំទ្រប្រកៀកប្រកិតគ្នា ។ នៅពេលនេះនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា មានការគាំទ្រកើនឡើងខ្ពស់ កាត់បន្ថយគម្លាតជាមួយបេក្ខភាព ជាកូនស្រីលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា គឺលោកស្រី Paetongtarn Shinawatra។

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ បានផ្សាយថា នាយករដ្ឋមន្រ្តីថៃបច្ចុប្បន្នគឺ លោក ប្រាយុទ្ធ ចាន់អូចា ទទួលបានសំឡេងគាំទ្រកើនឡើងគួរឱ្យកត់សម្គាល់ បើធៀបជាមួយបុគ្គលដែលនាំមុខគឺលោកស្រី ផែថោងថាន ស៉ីណាវ៉ាត្រា (Paetongtarn Shinawatra) ក្នុងការស្ទាបស្ទង់មតិថ្មីចុងក្រោយមួយស្តីពីជម្រើសបេក្ខជនដែលមានប្រជាប្រិយភាពខ្ពស់ជាងគេសម្រាប់តំណែងនាយករដ្ឋមន្រ្តី នៅមុនការបោះឆ្នោតសកលដែលត្រូវរៀបចំឡើងជាផ្លូវការក្នុងឆ្នាំនេះ។
លទ្ធផលស្ទង់មតិដែលទើបចេញផ្សាយកាលពីថ្ងៃចន្ទសប្តាហ៍នេះ ដោយវិទ្យាស្ថានស្រាវជ្រាវ Super Poll បានបង្ហាញឱ្យឃើញថា អ្នកនាង ផែថោងថាន ដែលជាកូនស្រីរបស់អតីតនាយករដ្ឋមន្រ្តីថៃ គឺលោក Thaksin Shinawatra បានទទួលសំឡេងគាំទ្រ២៨.៥ភាគរយពីអ្នកចូលរួមស្ទង់មតិសរុបចំនួន ១,៥៧១នាក់ កាលពីចន្លោះថ្ងៃទី១៧-១៨ ខែកុម្ភៈ ខណៈដែលលោក ប្រាយុទ្ធ តាមពីក្រោយយ៉ាងប្រកៀកជាមួយសំឡេងគាំទ្រ ២៥.៧ ភាគរយ។
ស្របពេលដែលការបោះឆ្នោតសកលអាណត្តិថ្មី នឹងត្រូវរៀបចំឡើងយ៉ាងយូរត្រឹមខែឧសភា ឆ្នាំ២០២៣នេះ លទ្ធផលនៃការស្ទង់មតិខាងលើគឺជាសញ្ញាដ៏ប្រសើរមួយសម្រាប់លោកប្រាយុទ្ធ ចាន់អូចា វ័យ៦៨ឆ្នាំ ដែលធ្លាប់តែទទួលបានសំឡេងគាំទ្រមិនដល់ពាក់កណ្តាលនៃសំឡេងគាំទ្ររបស់អ្នកនាង ផែថោងថាន វ័យ៣៦ឆ្នាំ នោះឡើយ នៅក្នុងការស្ទង់មតិជាបន្តបន្ទាប់ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២២ ដោយវិទ្យាស្ថានថៃ NIDA។
យោងតាមការស្ទង់មតិរបស់ Super Poll លោក ប្រាយុទ្ធ ជាប់ជាជម្រើសកំពូលសម្រាប់តំណែងនាយករដ្ឋមន្រ្តី ក្នុងចំណោមអ្នកចូលរួមស្ទង់មតិដល់ទៅជាង ៣០ភាគរយ ដែលរស់នៅក្នុងរាជធានីបាងកក ខណៈដែលអ្នកនាង ផែថោងថាន ទទួលបាន២១.៣ភាគរយ។ ប៉ុន្តែអ្នកនាង ផែថោងថាន ជាប់ជាជម្រើសកំពូលក្នុងចំណោមជិត៣០ភាគរយនៃប្រជាជនថៃដែលរស់នៅក្រៅទីក្រុងបាងកក ធៀបនឹងសំឡេងគាំទ្រ២៤.៣ភាគរយរបស់លោក ប្រាយុទ្ធ។
លោក ប្រាយុទ្ធ គឺជាមេបញ្ជាការដែលបានដឹកនាំរដ្ឋប្រហារយោធាកាលពីឆ្នាំ២០១៤ ដើម្បីទម្លាក់រដ្ឋាភិបាលស៉ីវិលរបស់លោកស្រី យីងឡាក់ ស៉ីណាវ៉ាត្រា(Yingluck Shinawatra) ដែលត្រូវជាម្តាយមីងរបស់អ្នកនាងផែថោងថាន ហើយលោកបានបន្តកាន់កាប់អំណាចចាប់តាំងពីពេលនោះមក រួមទាំងក្រោយការបោះឆ្នោតសកលឆ្នាំ២០១៩។ ចំណែករដ្ឋាភិបាលរបស់ឪពុកអ្នកនាង គឺលោកថាក់ស៉ីន វិញ ក៏ត្រូវបានយោធាធ្វើរដ្ឋប្រហារទម្លាក់ផងដែរ កាលពី២០០៦។ បច្ចុប្បន្ន ទាំងលោកស្រី យីងឡាក់ និងលោក ថាក់ស៉ីន សុទ្ធតែកំពុងរស់នៅក្រៅប្រទេស៕ ដោយធីរីណា

...

រូប​ថត​ : Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print