សៀមរាប៖ស្រី្ដជនជាតិអូស្រ្តាលីវ័យចំណាស់ម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅបន្ទប់ទឹកនៃសណ្ឋាគារកាសាអង្គរ ដោយធ្លាយក្រពះ ។ ករណីនេះសមត្ថកិច្ចចម្រុះបានអះអាងថា ការស្លាប់នេះដោយសារការប្រើប្រាស់ថ្នាំពេទ្យខុសបច្ចេកទេស។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង០៤ទៀបភ្លឺថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ នៅសណ្ឋាគារកាសាអង្គរជាន់ទី៣បន្ទប់លេខ៣២៨ ស្ថិតនៅភូមិមណ្ឌលមួយ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក ទិត្យ ណារ៉ុង អធិការ នគរបាលក្រុងសៀមរាបបានឲ្យដឹងថាស្ត្រីជនជាតិអូស្រ្តាលីដែលបានដេកស្លាប់នៅសណ្ឋាគារកាសាអង្គរនោះមានឈ្មោះ SPRY SUSAN CLARAអាយុ៦៤ឆ្នាំជនជាតិអូស្រ្តាលីជាភ្ញៀវទេសចរណ៍ដែលចូលមកស្នាក់នៅក្នុងក្រុងសៀមរាបតាមច្រកទ្វារអន្តរជាតិបាវិតពីប្រទេសវៀតណាមមកប្រទេសកម្ពុជា។លោកបន្ថែមថាសពស្រ្តីរងគ្រោះខាងលើធ្លាប់មានប្រវត្តិជំងឺប្រចាំកាយដូចជាទឹកនោមផ្អែមលើសឈាមបើតាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យបានបង្ហាញសពជនរងគ្រោះស្លាប់ដោយសារដាច់សសៃឈាមក្នុងក្រពះពីព្រោះនៅលើរូបរាងកាយមានស្នាមជាំហើយមានឈាមចេញតាមច្រមុះ និងតាមមាត់ទៀតផង។ សពត្រូវបានក្រុមហ៊ុនធ្យូរនិងស្ថានទូតប្រទេសអូស្រ្តាលីប្រចាំនៅប្រទេសកម្ពុជាបានសម្រេចរក្សាទុកសាកសពនៅមន្ទីរពេទ្យរ៉ូយ៉ាល់រងចាំក្រុមគ្រួសារមកទទួល៕
ដោយជានិរន្ដរ៍