កំពង់ធំ ៈ នៅវេលាម៉ោង១៣និង៥០នាទីរសៀលថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៦ លើកំណាត់ផ្លូវក្នុងភូមិក្រាលកៅស៊ូ ត្រង់ចំនុចភូមិសូភី ឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៌ដែលបង្កឡើងដោយអ្នកបើកបរម៉ូតូម៉ាកហុងដាជិះគ្នា៣នាក់ បើកបរក្នុងល្បឿនលឿន និងស្ថានភាពស្រវឹងជោកជាំក៏បានរ៉េចង្គូតបុកដើមឈើមួួយទំហឹង បណ្តាលអោយស្លាប់ទាំង៣នាក់នៅកន្លែងកើតហេតុ។
តាមប្រភពព័ត៌មានបានឱ្យដឹងថាក្រុមជិះម៉ូតូដែលគ្រោះថ្នាក់នេះ ពួកគេបើកមកដល់ផ្លូវកែងមិនព្រមបន្ថយល្បឿនឡើយ ទើបបណ្ដាលអោយបុកដើមឈើ ស្លាប់យ៉ាងអាណោចអាធ័ម ដោយអ្នកបើកបរដោយឈ្មោះ សឿ សាំ ភេទប្រុស អាយុ១៩ឆ្នាំ អ្នករួមដំណើរពីរនាក់ ដែលមានឈ្មោះ ព្រុច ព្រំ ភេទប្រុស អាយុ២០ឆ្នាំ និងឈ្មោះឃុយ ខៃ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅក្នុងភូមិ តែមួយ គឺនៅភូមិពោធ៌រោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ បានបើកបរម៉ូតូ ម៉ាកC១២៥ ពណ៌ខ្មៅពាក់ ផ្លាកលេខ កំពង់ធំ 1I -0100 ។
ក្រោយពេលកើតហេតុសមត្ថកិច្ចធ្វើការវាស់វែង និងប្រគល់សាកសពទាំង៣នាក់ជូនសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា៕
ដោយៈ ប៊ុន រិទ្ធី