ភ្នំពេញៈ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកអំពីសកម្មភាពចូលរួមរត់ពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិលើកទី៦ (Phnom Penh International Half Marathon) នៅក្នុងទីក្រុងភ្នំពេញកាលពីព្រឹកមិញដែលមានការចូលរួមពីប្រជាពលរដ្ឋ និងយុវជន យុវតីខ្មែរ ព្រមទាំងបងប្អូនជនបរទេសជាច្រើននាក់ គឺបានបង្ហាញអំពីការយកចិត្តទុកដាក់របស់ប្រជាពលរដ្ឋក្នុងការថែរក្សាសុខភាពដែលមានសារៈសំខាន់សម្រាប់មនុស្សគ្រប់វ័យទាំងអស់។ សម្តេចតេជោមានប្រសាសន៍បញ្ជាក់ថាៈ ទន្ទឹមនឹងនេះដែរ សកម្មភាពចូលរួមរត់កីឡាដើម្បីសុខភាពព្រឹកមិញនេះ គឺបានរួមចំណែករៃអង្គាសមូលនិធិមនុស្សធម៌ជួយដល់មន្ទីរពេទ្យ និងសកម្មភាពមនុស្សធម៌ជាច្រើនទៀតផង។
សម្តេចបន្តថាៈ តាមរយៈកីឡាម៉ារ៉ាតុនព្រឹកនេះមិនត្រឹមតែដើម្បីសុខភាព និងមនុស្សធម៌ប៉ុណ្ណោះទេ គឺបានទាក់ទាញសហគមន៌អន្តរជាតិអោយបានស្គាល់កម្ពុជាកាន់តែច្បាស់ថា ប្រទេសយើងកំពុងមានសុខសន្តិភាពពេញលេញ ហើយកម្ពុជារីករាយស្វាគមន៌ភ្ញៀវជាតិ និងអន្តរជាតិទូទាំងពិភពលោក៕
ដោយ សុខ ខេមរា