ភ្នំពេញ : នៅក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១១ ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទីក្រុងស្អាត បដិសណ្ឋារកិច្ច ល្អម្ចាស់ផ្ទះកម្ពុជាមកដល់ភាពកក់ក្ដៅ» និងពិធីប្រកាសជ័យលាភីទីក្រុងស្អាតលើកទី៣ ដែលប្រារព្ធឡើងនៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បានជំរុញការអនុវត្តវិធានការគោលនយោបាយអនុវត្តយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ដើម្បីពង្រឹងកិត្តិនាម លើកកម្ពស់មុខមាត់កម្ពុជាទៅកាន់ទីផ្សារទេសចរណ៍ពិភពលោក។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា យុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» នឹងបង្កើនឧត្តមភាពប្រកួតប្រជែងទេសចរណ៍កម្ពុជា ឈានឆ្ពោះទៅការស្តារកំណើនទេសចរណ៍ពីវិបត្តិជំងឺកូវីដ-១៩ ពិសេសជំរុញការចូលរួមយុទ្ធនាការ «យើងជាម្ចាស់ផ្ទះ» ដើម្បីអបអរសាទរការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដោយត្រូវរួមគ្នាលើកកម្ពស់កិត្តិយស និងមុខមាត់កម្ពុជា តាមរយៈការបង្ហាញពីវប្បធម៌ ប្រពៃណី ម្ហូបអាហារ អត្តសញ្ញាណជាតិ ភាពជាខ្មែរ ទំនៀមទម្លាប់នៃការស្លៀកពាក់ ការស្វាគមន៍រួសរាយរាក់ទាក់ ការរៀបចំតុបតែងភូមិឋានជាដើម នៅតាមមូលដ្ឋានរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ របស់ខ្លួនឱ្យបានផុលផុសនៅក្នុងឆ្នាំ២០២៣នេះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា យុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ក៏មិនមែនធ្វើតែឆ្នាំ២០២៣នេះទេ គឺត្រូវធ្វើជារៀងរាល់ឆ្នាំសំដៅថែរក្សាអនាម័យ ដែលយើងត្រូវតែចូលរួមទាំងអស់គ្នាដើម្បីទាក់ទាញទេសចរផង និងដើម្បីសុខភាពរបស់ប្រជាពលរដ្ឋយើងផង។
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា«ខ្ញុំមិនយកក្រុមយុវជន ដែលធ្លាប់ប្រឆាំងរដ្ឋាភិបាល ធ្វើជាសត្រូវនោះទេ»។ សម្ដេចតេជោ ហ៊ុន សែន សូមផ្ដាំទៅក្រុមប្រឆាំងឱ្យប្រយ័ត្នក្មេងៗទ្រាំមិនបានចំពោះការប្រមាថ លើពួកគេ។
សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ក្រុមប្រឆាំងទាំងឡាយ កុំវាយប្រហារកូនៗ ចៅៗ ដែលមករួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា។ សម្តេចបញ្ជាក់ថា ការវាយប្រហារកន្លងមក ចំពោះអ្នកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា វាមិនមែនជាដំណើរ នៃសកម្មភាពប្រជាធិបតេយ្យនោះទេ ៕
ដោយ : សហការី