ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ AKP នៅព្រឹកថ្ងៃសៅរ៍ទី០៤ ខែមីនា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា លោក តុប សុភ័ក រដ្ឋលេខាធិការក្រសួង ទេសចរណ៍ និងលោក យុន លីនណេ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប
កាលពីយប់ថ្ងៃទី០៣ ខែមីនាឆ្នាំ ២០២៣ អញ្ជើញដឹកនាំមន្រ្តីជំនាញ និងអង្គភាពពាក់ព័ន្ធ ទទួលស្វាគមន៍ជើងហោះហើរដំបូង របស់ក្រុមហ៊ុនអាកាសចរណ៍ចិន China Eastern Airlines លេខ MU209I ចេញពីទីក្រុងសៀងហៃប្រទេសចិន ហោះត្រង់មកកាន់ខេត្តសៀមរាប។
សូមជម្រាបថា ជើងហោះហើរដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ចិន China Eastern Airlines លេខ MU209Iនេះ បានចេញពីទីក្រុងសៀងហៃប្រទេសចិន ហោះត្រង់មកកាន់ខេត្តសៀមរាប តាមយន្តហោះប្រភេទ A320 ផ្ទុកអ្នកដំណើរជនជាតិចិនចំនួន ១៣២នាក់ ដោយហោះហើរក្នុង១សប្តាហ៍ចំនួន ៣ជើង គឺនៅថ្ងៃអង្គារ សុក្រ និងថ្ងៃអាទិត្យ។
សូមជម្រាបថា ក្នុងឱកាសអញ្ជើញជាអធិបតី បើកវេទិកាជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍កម្ពុជា-ចិន ដែលប្រារព្ធធ្វើឡើងនៅរដ្ឋធានីប៉េកាំង ប្រទេសចិន នាយប់ថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ អ្នកវិនិយោគ អ្នកធ្វើធុរកិច្ចរបស់ចិន វិលចូលកម្ពុជាវិញ ដើម្បីមានឱកាសទាញផល ចំណេញ ពីនយោបាយពាណិជ្ជកម្មរបស់កម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងគូសរំលេចថា ការរៀបចំវេទិកានេះ នឹងក្លាយ ជា វេទិកា ជំរុញដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នា រវាងកម្ពុជា និងចិន ក្នុងការអនុវត្តន៍នយោបាយ បើកចំហរ និងគំនិតផ្តួចផ្តើមផ្លូវមួយ ខ្សែក្រវាត់មួយ ដែលនឹងជួយស្តារសេដ្ឋកិច្ចឡើងវិញ ពីវិបត្តិជំងឺកូវីដ១៩ ព្រមទាំងជួយពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍កម្ពុជា-ចិន ឱ្យកាន់តែប្រសើរជាងមុន៕ ដោយ៖សហការី