ខេត្តកណ្តាល៖ សមត្ថកិច្ចនគរបាលស្រុកស្អាងស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនត្រូវចោទបានម្នាក់ កាលពីវេលាម៉ោង៦ និង២០នាទីព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥ នៅភូមិបារែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្តាល ។
ជនត្រូវចោទមានឈ្មោះ ម៉ម ឆុង ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅក្នុងភូមិពោធិ៍ប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។ ជននេះមានដីការបង្គាប់ឲ្យចាប់ខ្លួនលេខ២៧០ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥ ចេញដោយលោក គឹម ម៉េង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល ចោទប្រកាន់ពីបទ “រំលោភលើទំនុកចិត្ត” ប្រព្រឹត្តកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១១ នៅភូមិកំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។
បទ“រំលោភលើទំនុកចិត្ត” ជាបទល្មើសព្រហ្មទណ្ឌមានចែងឲ្យផ្តន្ទាទោសតាមបញ្ញាត្តិមាត្រា៣៩១ និងមាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ។មាត្រា៣៩១នៃក្រមព្រហ្មទណ្ឌ(និយមន័យនៃការរំលោភលើទំនុកចិត្ត) បានចែងថា អំពើរំលោភលើទំនុកចិត្ត គឺជាអំពើគៃបំបាត់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយ នាំឲ្យខូចប្រយិជន៍អ្នកដ៏ទៃ ប្រព្រឹត្តដោយបុគ្គលណាម្នាក់ ដែលគេបានប្រគល់ឲ្យបុគ្គលនោះ ហើយបុគ្គលនោះបានយល់ព្រម ដោយមានភារកិច្ចប្រគល់សងវិញ បង្ហាញ ឬយកមូលនិធិ តម្លៃ ឬ ទ្រព្យសម្បត្តិនោះទៅធ្វើការប្រើប្រាស់ជាកំណត់ ។ មាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ (ទោសដែលត្រូវអនុវត្ត) បានចែងថា អំពើរំលោភលើទំនុកចិត្ត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី០១លានរៀនទី០៦លានរៀល ។
លោក នៅ ប៊ុណ្ណា នាយផ្នែកនគរបាលយុត្តិធម៌ស្រុកស្អាងបានបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១១ កន្លងទៅជាច្រើនឆ្នាំមកនេះ ឈ្មោះ ម៉ម ឆុង (ជនត្រូវចោទ) និងបក្ខពួកម្នាក់ទៀតបានធ្វើសកម្មភាពខ្ចីម៉ូតូមិត្តភ័ក្រ០១គ្រឿង នៅភូមិកំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ជិះឌុបគ្នាដើរលេង ។
បន្ទាប់ពីខ្ចីម៉ូតូបានហើយឈ្មោះ ម៉ម ឆុង (ជនត្រូវចោទ) និងបក្ខពួកម្នាក់ទៀតមិនបានយកម៉ូតូទៅប្រគល់ឲ្យម្ចាស់ដើមវិញនោះទេ ពោលបានយកទៅដាក់បញ្ចាំនៅក្នុងរាជធានីភ្នំពេញ ហើយយកលុយគេចខ្លួនចេញពីមូលដ្ឋានមិនដឹងទៅលាក់ខ្លួននៅឯណានោះទេ ទើបជនរងគ្រោះជាម្ចាស់ម៉ូតូដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចនគរបាលស្រុកស្អាង ។
លោកនាយផ្នែកបានបញ្ជាក់ថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងសមត្ថកិច្ចនគរបាលជំនាញយុត្តិធម៌បានកសាងសំណុំរឿង និងសាវតាជាតិរបស់ឈ្មោះ ម៉ម ឆុង (ជនត្រូវចោទ) និងបក្ខពួកម្នាក់ទៀត បញ្ជូនទៅកាន់សាលាដមបូងខេត្តកណ្តាល រហូតឈានដល់មានដីកាបង្គាប់ឲ្យចាប់ខ្លួននោះតែម្តង ៕ស្អាងជ័យ