សម្ដេចតេជោ ហ៊ុន សែន : ប្រទេសកម្ពុជា មិនបានឡើងថ្លៃទេ ដោយសាររាជរដ្ឋាភិបាល បានគិតគូរពីកត្តាជីវភាពរបស់ប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តពោធិ៍សាត់ : សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថា “ឥឡូវប្រទេសជិតខាងកម្ពុជា អគ្គិសនីបានឡើងថ្លៃ ប៉ុន្ដែប្រទេសកម្ពុជា មិនបានឡើងថ្លៃទេ ដោយសាររាជរដ្ឋាភិបាល បានគិតគូរពីកត្តាជីវភាពរបស់ប្រជាពលរដ្ឋ”

ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុងឱកាសសម្តេចជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលបានផ្លាស់ប្តូរទីលំនៅទៅទីតាំងថ្មី និងត្រួតពិនិត្យការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅថ្ងៃអង្គារ ៨ រោច ខែផល្គុន ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។

សូមជម្រាបថា វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ មានអានុភាពប្រមាណ ៨០មេហ្កាវ៉ាត់ មានទីតាំងស្ថិតនៅតាមដងស្ទឹងពោធិ៍សាត់ ក្នុងឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុន SPHP (Cambodia) Co., Ltd. សាងសង់កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩។

បន្ទាប់ពីទទួលបានសិទ្ធិក្នុងការសាងសង់ និងវិនិយោគរួចមក ក្រុមហ៊ុនបានខិតខំ​ស្វែង​រក​ប្រភពទុនវិនិយោគ និងក្រុមហ៊ុនដៃគូសាងសង់ដែលមានបទពិសោធន៍​ខ្ពស់ ដោយបានជ្រើសយកក្រុមហ៊ុន Power China មកពីប្រទេសចិន ដែលធ្លាប់មានបទពិសោធន៍ក្នុងការសាងសង់គម្រោងវារីអគ្គិសនីនៅកម្ពុជានាពេលកន្លងមក។

គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ បានចាប់ផ្តើមដំណើរការសាងសង់នៅខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់បច្ចុប្បន្នក្រុមហ៊ុន បានយកចិត្តទុកដាក់សាងសង់ និងសម្រេចបានលទ្ធផលមួយចំនួនរួមមាន បោសសំអាតមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះលើផ្ទៃដី ៥៦៦ហិកតា, កាប់ឆ្ការព្រៃនៅទីតាំងសំខាន់ៗរបស់គម្រោងលើផ្ទៃដីទំហំ ៥៦៦ហិកតា ព្រមទាំងបានសាងសង់ផ្លូវចូលទៅកាន់ទំនប់ និងទីតាំងសំខាន់ៗរបស់គម្រោងសរុបជិត ៣៦គីឡូម៉ែត្រ។

គម្រោងកំពុងដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួនទៀត ហហើយគម្រោងនេះគ្រោងនឹងបញ្ចប់ការសាងសង់ព្រមទាំងដាក់ឱ្យដំណើរការ​នៅឆ្នាំ២០២៦ខាងមុខ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print