ម្ចាស់ហាងលក់កាំភ្លើងនៅទីក្រុង Georgia បានឲ្យដឹងថា ប្រាក់ចំណូលពីការលក់អាវុធកើនឡើងទ្វេដងក្រោយពេលដែលមានការបាញ់ប្រហារសម្លាប់មនុស្សកាលពីថ្ងៃទី១២ ខែមិថុនា កន្លងមក ។
ម្ចាស់ហាងលក់កាំភ្លើងបានឲ្យដឹងថា ក្នុងរយៈពេល៣ម៉ោងព្រឹកថ្ងៃច័ន្ទមានអ្នកកម៉ងទិញកាំភ្លើងប្រភេទ AR 15s ដល់ទៅ ៣៥គ្រឿងជាប្រភេទកាំភ្លើងដែលជនល្មើសប្រើប្រាស់បាញ់សម្លាប់មនុស្សដល់ទៅ ៤៩នាក់និង៥៣នាក់រងរបួសកាលពីថ្ងៃទី១២ ខែមិថុនា ។ ជាធម្មតាក្នុងមួយថ្ងៃលក់បានតែ ២គ្រឿងប៉ុណ្ណោះ ។
ហាងលក់កាំភ្លើងនៅ Pennsylvania ក៏បានឲ្យដឹងថា មានកាំភ្លើងដល់ទៅ ១៥ម៉ឺនដើមបានលក់តាមប្រព័ន្ធអិនធឺណែតក្នុងរយៈពេលដូចគ្នា។ តម្លៃលក់កាំភ្លើងក៏បានកើនឡើងខ្ពស់ជាងពេលធម្មតាផងដែរ ។
ការបាញ់ប្រហារបានក្លាយជាបញ្ហាស្មុគរស្មាញបំផុតនៅអាមេរិក ។ ពលរដ្ឋអាមេរិកបច្ចុប្បន្នមាន ៣១៥លាននាក់ក្នុង មានកាំភ្លើងដែលពលរដ្ឋប្រើប្រាស់ដល់ទៅ ៣១០លានដើម ។
ប្រទេស៥ដែលពលរដ្ឋមានសិទ្ធិប្រើប្រាស់កាំភ្លើង
កាំភ្លើងជាអាវុធសាហាវតែងតែបង្កអសន្ដិសុខដល់សង្គម និងភាពភ័យខ្លាចដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ប៉ុន្ដែប្រទេសមួយចំនួនបែរជាអនុញ្ញាតឲ្យទិញដូរកាំភ្លើងយកទៅប្រើប្រាស់ផ្ទាល់ខ្លួនងាយស្រួលដូចជាទិញ «ស្ករគ្រាប់» អ៊ីចឹង ។ អាមេរិកមានពលរដ្ឋដែលប្រើប្រាស់កាំភ្លើង និងមានកាំភ្លើងរក្សាទុកនៅក្នុងផ្ទះរហូតដល់ ៩០ភាគរយ, ប្រទេសយេមែន មានពលរដ្ឋប្រើប្រាស់កាំភ្លើង ៥៤.៨ភាគរយ, ស៊ុយអែត ៤៥.៧ភាគរយ, ហ្វាំងឡង់ ៤៥.៣ភាគរយនិងសែបប៊ី ៣៧.៨ភាគរយ។
អាមេរិក៖ រយៈពេលជាច្រើនឆ្នាំកន្លងមកទីក្រុងវ៉ាស៊ីនតោនបានអនុម័តនូវវិធីសាស្ដ្រជាច្រើនដើម្បីកាត់បន្ថយការប្រើប្រាស់សព្វាវុធកាំភ្លើង ប៉ុន្ដែការខិតខំរបស់រដ្ឋាភិបាលមិនមានប្រសិទ្ធភាពឡើយផ្ទុយទៅវិញមានពលរដ្ឋប្រើប្រាស់កាន់តែច្រើន។ ក្នុងចំណោមពលរដ្ឋសរុបរបស់អាមេរិកជាង ៣០០លាននាក់មានអ្នកប្រើប្រាស់កាំភ្លើងរហូតដល់៩០ភាគរយ។
តាមទីភ្នាក់ងារព័ត៌មាន ប៊ីប៊ីស៊ី បានឲ្យដឹងថា មូលហេតុជាចម្បងដែលធ្វើឲ្យការប្រើប្រាស់អាវុធនៅអាមេរិកក្លាយទៅជាវប្បធម៌សម្រាប់ពលរដ្ឋអាមេរិក ដោយសារតែពួកគេយល់ឃើញថានឹងមានសុវត្ថិភាពប្រសិនបើដាក់កាំភ្លើងជាប់នឹងខ្លួននោះ។ ដោយមូលហេតុមានកាំភ្លើងស្ទើរតែគ្រប់ដៃនោះបានជាមានហេតុការណ៍បាញ់ប្រហារសម្លាប់មនុស្សកើតឡើងជាបន្ដបន្ទាប់នៅអាមេរិក ពិសេសការបាញ់ប្រហារទៅលើតំណាងរាស្ដ្រ និងក្រុមអ្នកគាំទ្រ ៦នាក់នាពេលកន្លងមក។
យេមែន៖ ទោះបីច្បាប់ប្រទេសនេះកាត់បន្ថយការចុះឈ្មោះប្រើប្រាស់អាវុធទីសាធារណៈតាំងពីឆ្នាំ២០០៧ ក៏ដោយ ប៉ុន្ដែសំឡេងផ្ទុះអាវុធតែងកើតឡើងជាញឹកញាប់នៅក្នុងសង្គមរស់នៅរបស់ពលរដ្ឋសាមញ្ញយេមែន។ ទោះបីហាមប្រាមការលក់ដូរក្ដី ប៉ុន្ដែកាំភ្លើងនៅតែមានពាសពេញផ្ទៃប្រទេស។ គ្រាន់តែចំណាយប្រាក់ពី ៥០០ ទៅ ១,៥០០ដុល្លារគឺអាចទិញបានអាវុធទំនើបតាមតម្លៃនៅលើទីផ្សារសេរី។
ហេតុដូច្នេះរូបភាពនៃយុវជនយេមែនយកកាំភ្លើងតាមខ្លួនសៀតនឹងចង្កេះតែងមើលឃើញពេលធ្វើដំណើរនៅតាមដងផ្លូវនានា។ មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងពិធីជប់លៀងអាពាហ៍ពិពាហ៍ និងពិធីបុណ្យផ្សេងៗ តែងតែឮស្នូរកាំភ្លើងបន្លឺឡើងគគ្រឹកគគ្រេងអបអរសាទរដល់ពិធីទាំងនោះទៀតផង។
លទ្ធផលនៃការប្រើប្រាស់អាវុធដោយសេរីនៅយេមែន ធ្វើឲ្យពលរដ្ឋប្រមាណ ២,០០០នាក់បាត់បង់ជីវិតដោយសារលើកាំភ្លើងជារៀងរាល់ឆ្នាំ។ ក្រៅពីនោះយេមែន ត្រូវគេកត់ត្រាទុកថា ជាប្រទេសដែលគ្រោះថ្នាក់ជាងគេបំផុតលើ ពិភពលោក ហើយក៏ជាទីតាំងលាក់ខ្លួនប្រកបដោយសុវត្ថិភាពរបស់ក្រុមភេរវករដែរ។
ស៊ុ យអែត៖ ជាមួយនឹងគោលនយោបាយប្រើប្រាស់កម្លាំងពលរដ្ឋការពារសន្ដិសុខស៊ុយអែត បានក្លាយទៅជាប្រទេសដែលមានចំនួនអ្នកប្រើប្រាស់អាវុធខ្ពស់បំផុត។
ពលរដ្ឋ ស៊ុយអែត ដែលមានកម្លាំងមាំមួនមានអាយុចាប់ពី៣០ឆ្នាំឡើងគ្រាន់តែអនុវត្ដនូវភារកិច្ចយោធានឹងត្រូវបានផ្ដល់កាំភ្លើងសម្រាប់ជួយការពារប្រទេសជាតិ។
ពួកគេមានសិទ្ធិរក្សាកាំភ្លើងនិងគ្រាប់យ៉ាងតិច៥០នៅក្នុងផ្ទះរបស់ខ្លួនក្នុងរយៈពេលនៃការចូលបម្រើយោធាដើម្បីងាយស្រួលពេលមានហេតុការណ៍អាសន្នកោះហៅ។
មនុស្សជាច្រើនទៀតក៏បានទិញកាំភ្លើងរក្សាទុកក្នុងផ្ទះរបស់ខ្លួនក្រោយពេលបញ្ចប់ភារកិច្ចយោធា។ រដ្ឋាភិបាលគ្មានវិធីសាស្ដ្រឲ្យពលរដ្ឋកាត់បន្ថយការប្រើប្រាស់អាវុធឡើយ ជួនកាលរដ្ឋាភិបាលថែមទាំងជំរុញពលរដ្ឋឲ្យទិញកាំភ្លើងទំនើបៗ ម៉ូដថ្មីទៀតផង។ តាមតួលេខមានកាំភ្លើងខ្លីជាង ៦សែនដើម និងកាំភ្លើងស្វ័យប្រវត្ដិជាង៥សែនដើមត្រូវរក្សាទុកក្នុងផ្ទះរបស់ពលរដ្ឋស៊ុយអែត។
ពាក់ព័ន្ធព្រឹត្ដិការណ៍ប្រើប្រាស់កាំភ្លើងដោយសេរីកាលពីឆ្នាំ២០០១ មានការបាញ់ប្រហារធ្វើឲ្យកម្រើកស៊ុយអែត ពេលបុរសម្នាក់ប្រើកាំភ្លើងស្វ័យប្រវត្ដិបាញ់សម្លាប់មនុស្ស ១៤នាក់ មុនពេលបាញ់សម្លាប់ខ្លួនឯង។ ករណីមួយទៀត កាលពីឆ្នាំ២០០៦ ប្រធានធនាគារឯកជន Gerold Stadler ក៏បានប្រើប្រាស់កាំភ្លើងខ្លីបាញ់សម្លាប់ប្រពន្ធកំពុងមានផ្ទៃពោះនិងប្អូនប្រុសរបស់ប្រពន្ធមុនពេលបាញ់សម្លាប់ខ្លួនឯង។
ហ្វាំងឡង់៖ ច្បាប់របស់រដ្ឋាភិបាលហ្វាំងឡង់ធូររលុង។ ពលរដ្ឋហ្វាំងឡង់ចាប់ពីអាយុ១៥ឆ្នាំឡើងទៅត្រូវគេអនុញ្ញាតឲ្យប្រើប្រាស់កាំភ្លើង។
ពលរដ្ឋ ហ្វាំងឡង់ បកស្រាយពីការអនុញ្ញាតប្រើប្រាស់កាំភ្លើងឲ្យដឹងថា ការប្រើប្រាស់របស់ពួកគេក្នុងគោលដៅការពារខ្លួន ហើយថែមទាំងបម្រើតម្រូវការចាំបាច់ណាមួយនោះគឺការបរបាញ់។ ហេតុដូច្នេះក្លឹបពាក់ព័ន្ធទៅនឹងការប្រើប្រាស់កាំភ្លើងពេញនិយមយ៉ាងខ្លាំងនៅប្រទេសនោះ ។
ប៉ុន្ដែតម្លៃដែលពលរដ្ឋហ្វាំងឡង់ត្រូវសងដោយការប្រើប្រាស់កាំភ្លើងដោយសេរីនោះមិនតិចឡើយ។ ការបាញ់ប្រហារ២ករណីផ្សេងគ្នាកាលពីឆ្នាំ២០០៧ និង២០០៨ បានសម្លាប់មនុស្ស១៨នាក់។
ក្រោយការបាញ់ប្រហារនោះពលរដ្ឋជាច្រើនក៏បានបង្ហាញការធុញទ្រាន់ក្នុងការប្រើប្រាស់កាំភ្លើង។ មនុស្សជាច្រើនក៏បានស្នើឲ្យកំណត់អាយុអ្នកដែលអាចប្រើប្រាស់កាំភ្លើងបានគឺមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ។
ស៊ែបប៊ី៖ ប្រពៃណីនៃការប្រើប្រាស់កាំភ្លើងនៅស៊ែបប៊ី ជាលទ្ធផលនៃការប៉ះទង្គិចគ្នានៅតំបន់ភាគខាងលិច Balkan កាលពីអំឡុងទសវត្ស១៩៩០។ រយៈពេលជាច្រើនឆ្នាំនៃការប៉ះទង្គិចគ្នានោះ ភាគច្រើននៃប្រជាពលរដ្ឋក្នុងតំបន់ដែលមានវិវាទ តែងតែមានអាវុធប្រើប្រាស់ផ្ទាល់ខ្លួន ឬក៏នៅក្នុងផ្ទះនីមួយៗ។ ទោះបីជាច្រើនឆ្នាំកន្លងមក រដ្ឋាភិបាលស៊ែបប៊ីបានខិតខំប្រមូលកាំភ្លើងដែលប្រើប្រាស់ខុសច្បាប់។ ប៉ុន្ដែក៏នៅមានជាង ៩សែនដើមមិនទាន់បានចុះឈ្មោះប្រើប្រាស់នៅឡើយ។
ក្រៅពីនេះទោះបីច្បាប់ប្រើប្រាស់កាំភ្លើងតឹងតែងនៅស៊ែបប៊ី តែទីផ្សារងងឹតនៅតែមានលក់ពាសពេញហើយវាមិនពិបាកឡើយសម្រាប់ទិញកាំភ្លើងអាកា៤៧ ពីក្រុមអ្នកលក់កាំភ្លើងខុសច្បាប់នោះ។
ចំពោះពលរដ្ឋដែលពេញនិយមក្នុងការប្រើប្រាស់អាវុធបានបង្ហាញទស្សនៈថា ប្រសិនបើមនុស្សម្នាក់ៗមានកាំភ្លើងជាប់នឹងខ្លួនអាចការពារសន្ដិសុខខ្លួនឯងបានក៏ដូចជួយការពារសង្គម។ ផ្ទុយទៅវិញបើអ្នកប្រើប្រាស់អាវុធគ្មានភាពអត់ធ្មត់ ចិត្ដឆេវឆាវ ក៏អាចបង្កវិនាសកម្មយ៉ាងធ្ងន់ផងដែរ។
ប្រការដែលប្រជាពលរដ្ឋមានសិទ្ធិប្រើប្រាស់អាវុធយ៉ាងដូច្នេះពុំមែនជាសញ្ញាណល្អនោះទេ ផ្ទុយទៅវិញវាបង្កអំពើហិង្សាក្នុងគ្រួសារនិងសង្គមដែលធ្វើឲ្យប៉ះពាល់ដល់អាយុជីវិត៕
ប្រែសម្រួល៖ សាធី