ភ្នំពេញ៖ដោយមានសំណូមពរពីប្រជាពលរដ្ឋដែលរស់នៅតំបន់ជុំវិញទីលានប្រជាធិបតេយ្យ នៅក្នុងវេទិការសាធារណៈ កាលពីពេលកន្លងមក ពេលនេះ អាជ្ញាធររាជធានីភ្នំពេញបានពិចារណា ពាក់ពន្ធ័ទៅនឹងការផ្លាស់ប្តូរទៅទីតាំងទីលានប្រជាធិបតេយ្យទៅដាក់នៅកន្លែងផ្សេងទៀត ។
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ ខណៈលោកនិងមន្រ្ដីជំនាញចុះពិនិត្យទីលាន
ប្រជាធិបតេយ្យនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ នេះ។
លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា៖ ដោយសារមានសំណូមពរពីប្រជាពលរដ្ឋដែលរស់នៅតំបន់ជុំវិញទីលានប្រជាធិបតេយ្យ នៅក្នុងវេទិការសាធារណៈ ហើយពួកគាត់សុំឲ្យអាជ្ញាធរជួយផ្លាស់ប្តូរទីតាំងទីលានប្រជាធិបតេយ្យចេញពីទីនេះ ព្រោះកន្លងមកក្រុមអ្នកទៅតវ៉ានានា ពិតជាមានការរំខានដល់ប្រជាពលរដ្ឋនៅតំបន់នោះជាខ្លាំង ជាពិសេស ស្រែកហ៊ោរកញ្ជ្រាវ ឡូឡា បែបអនាធិបតេយ្យ មិនគោរពច្បាប់ ខ្វះអនាម័យ ការឈប់ ឬចតមធ្យោបាយយានជំនិះរញ៉េរញ៉ៃ បិទផ្លូវសូម្បីតែមានក្រុមគ្រួសារ ឬចាស់ៗឈឺម្តងៗពិតជាលំបាកនិងទ្រាំណាស់ ម្យ៉ាងការប្រកបរបររស៊ីអ្វីក៏មិនបានតែម្តង ។ លោកបន្តថា ៖ ជាការចាំបាច់រាល់សំណូមពររបស់ប្រជាពលរដ្ឋសា លារាជធានីភ្នំពេញ ត្រូវតែឆ្លើយតបទៅប្រជាពលរដ្ឋវិញ ប៉ុន្តែទោះជាយ៉ាងណា ការងារនេះ កំពុងស្ថិតក្នុងការពិចារណានោះទេ ហើយក៏មិនទាន់គិតគូរបានក្នុងពេលភ្លាមៗនេះដែរ ។
ដោយឡែកនៅក្នុងកិច្ចប្រជុំសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ មិថុនា ម្សិលមិញ ឯណ្ណោះវិញ លោកក៍បានឆ្លើយបំភ្លឺ ចំពោះសំណើរ និងសំណូមពររបស់ប្រជាពលរដ្ឋក្នុងវេទិការសាធារណៈកាលពីចុងឆ្នាំ២០១៥កន្លងមកនោះ ជូនទៅប្រជាពលរដ្ឋវិញដែរ ថា អាជ្ញាធរកំពុងគិតគូររកទីតាំងថ្មីហើយដែរ តែមិនទាន់កំណត់ឲ្យបានច្បាស់ ថាតើត្រូវដាក់នូវតំបន់ណា ដើម្បីឲ្យសមរម្យ ។ លោកអភិបាលរាជធានីភ្នំពេញ បានលើកឡើងដែរថា ដោយសារមានសំណូមពរពីប្រជាពលរដ្ឋដែលរស់នៅតំបន់ជុំវិញទីលានប្រជាធិបតេយ្យ នៅក្នុងវេទិការសាធារណៈ អាជ្ញា
ធររាជធានីភ្នំពេញ កំពុងពិភាក្សាជាមួយមន្រ្ដីជំនាញ ធ្វើការផ្លាស់ប្តូរទីតាំងទីលានប្រជាធិ បតេយ្យបច្ចុប្បន្ននេះ ដោយជ្រើសយកទៅទីតាំងថ្មីដែលសមស្រប មានទំហំដីធំទូលាយ សម្រាប់ការសម្តែងមតិ និងមិនប៉ះពាល់ការរកស៊ីរបស់ប្រជាពលរដ្ឋទៀតឡើយ ។
លោកបន្តថា៖ ទីលានសព្វថ្ងៃនេះ មានសភាពតូចចង្អៀត ហើយជាពិសេសនៅពេលមានបងប្អូនប្រជាពលរដ្ឋមកសម្តែងមតិម្តងៗ បានធ្វើប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋដែលមានផ្ទះនៅជុំវិញនោះ ពិបាកក្នុងការចេញចូលផ្ទះ ប៉ះពាល់អាជីវកម្ម ស្ទះចរាចរ ហើយម្យ៉ាងទៀតពិបាកក្នុងការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ ។ ប៉ុន្តែទោះយ៉ាងណាអាជ្ញាធររាជធានី មិនទាន់កំណត់កន្លែងថ្មីនៅទីតាំងណានោះទេ កំពុងស្ថិតក្នុងតំណាក់កាលពិភាក្សានិងសិក្សានៅឡើយ ហើយក៏មិនទាន់គិតគូរឲ្យលម្អិតដែរ តែអាជ្ញាធររាជធានីភ្នំពេញគិតថា និងយកទៅដាក់នៅ ក្នុងខណ្ឌជ្រោយចង្វារច្រើងជាង ស្ថិតនៅសង្កាត់ ព្រែកលាប ៕
ដោយ៖ សំរិត