ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦នេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះពិនិត្យភូមិសាស្រ្ត និងស្ថានភាពជីវភាពរស់នៅប្រចំាថ្ងៃ របស់ប្រជាពលរដ្ឋ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសចុះជួបសំណោះសំណាល សួរសុខទុក្ខមន្ត្រីរាជការ អាជ្ញាធរ យុវជននារី នៅសាលាស្រុកសាមគ្គីមានជ័យ សម្តេចវិបុលសេនាភក្តី បានជំរាបជូនអំពីបច្ចប្បន្នភាព និងសភាពការណ៍រួមរបស់ប្រទេសជាតិ និងបានផ្តល់អនុសាសន៍ឲ្យអាជ្ញាធរ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ បន្តព្យាយាមដោះស្រាយបញ្ហា និងការលំបាករបស់ប្រជាជនយើង ដោយយកចិត្តទុកដាក់កាន់តែខ្លាំងឡើងលើការងារ៖
-ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារៈក្នុងមូលដ្ឋានកាន់តែល្អ
-យកចិត្តទុកដាក់ធ្វើឲ្យកាន់តែល្អ នូវការផ្តល់សេវាសាធារណៈបម្រើប្រជាជន និងខិតខំកាត់បន្ថយភាពអសកម្មដែលធ្វើឲ្យប៉ះពារដល់ផលប្រយោជន៍របស់ប្រជាជនឲ្យកាន់តែតិចបំផុត
-ចំពោះការបង្កបង្កើនផល និងការងារប្រកបមុខរបរកស៊ី សូមបន្តអប់រំ កុំឲ្យប្រជាជនយើងប្រកបនូវមុខរបអ្វីដែលមិនស្របច្បាប់ និងសូមជំរុញលើទឹកចិត្ត នូវមុខរបរណាដែលងាយៗ ហើយទទួលផលកំរៃខ្ពស់ និងស្របទៅតាមតំរូវការទីផ្សារ
-យកចិត្តទុកដាក់ចំពោះការគ្រប់គ្រង អភិរក្សធនធានធម្មជាតិ និងសម្បតិ្តវប្បធម៌ ដែលមាននៅក្នុងមូលដា្ឋន
-ចំពោះបញ្ហប្រឈម ការលំបាកនានា សូមបន្តអប់រំ បន្តដោះសា្រយ ដោយប្រើប្រាស់ធនធានសរុប និងកម្លាំងសរុប និងមិនត្រូវអស់សង្ឃឹម ហើយត្រូវតែមានជំនឿ ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលយើង។ ត្រូវបន្តជំរុញខ្លាំងក្លា ការធ្វើអត្តសញ្ញាណបណ្ណ័ សញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ បើមានជួបការលំបាកសូមទំនាក់ទំនង ជាមួយក្រុមការងារថ្នាក់ជាតិដើម្បីដោះស្រាយ។
សម្តេចក៏បានណែនាំអំពីបញ្ហាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដើម្បីបម្រើប្រជាជន និងអភិវឌ្ឈមូលដ្ឋាន៕
ដោយ៖ សីលា