ភ្នំពេញៈ ដើម្បីធានាបាននូវ សណ្តាប់ធ្នាប់ និងសន្តិសុខល្អនៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ជាថ្មីម្តងទៀតលោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ បានក្រើនរំលឹកដល់កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ-សង្កាត់ ត្រូវរួមគ្នាខិតខំពង្រឹងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព អោយបានម៉ឺងម៉ាត់បំផុត ។
ប្រសាសន៍ដាស់តឿនក្រើនរំលឹកជាថ្មីនេះបានលើកឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ កាលពីព្រឹកថ្ងៃចន្ទ ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ដោយមានចូលរួមពីលោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោកអធិការរងនគរបាលខណ្ឌ លោក-លោកស្រី ជាអភិបាលរង លោក-លោកស្រី ចៅសង្កាត់ទាំង៨ លោកនាយក-នាយករងរដ្ឋបាលខណ្ឌ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៨ និងប្រធានការិយាល័យគ្រប់ការិយាល័យ ។
ថ្លែងនៅក្នុងកិច្ចប្រជុំ លោកអភិបាលខណ្ឌបានក្រើនរំលឹកក៍ដូចជាណែនាំដល់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌនិងសង្កាត់ ត្រូវរួមគ្នាខិតខំប្រឹងប្រែងពង្រឹងការអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព អោយមានប្រសិទ្ធភាព ។ កម្លាំងគណៈបញ្ជាការឯកភាព ត្រូវរួមគ្នាអនុវត្តបទបញ្ជា ខ្ពង់ខ្ពស់របស់សម្តេចតេជោអោយបានម៉ឺងម៉ាត់បំផុត ក្នុងការលប់បំបាត់ល្បែងស៉ីសង គ្រប់ប្រភេទនិងល្បែងតាមអនឡាញ ។ ជាពិសេសកិច្ចការពង្រឹងសន្តិសុខនៅតាមមូលដ្ឋានចុះល្បាតជាប្រចាំ នៅតាមគោលដៅងាយរងគ្រោះរួមមាន គោលដៅចោរកម្ម. គោលដៅស្មុគ្រស្មាញ. គោលដៅក្មេងទំនើង. គោលដៅប្រើប្រាស់និងចែកចាយគ្រឿងញៀន ។
លោកអភិបាលខណ្ឌបានបន្តថាគោលដៅសំខាន់មួយទៀតត្រូវរួមគ្នា បង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន ព្រោះវាធ្វើអោយប៉ះពាល់ធ្ងន់ធ្ងដល់ក្រុមគ្រួសារ ដល់សហគមន៍ និងសង្គមជាតិទាំងមូល ជាពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាលនិងអាជ្ញាធរសង្កាត់ត្រូវរួមគ្នាកំណត់មុខសញ្ញាគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ធ្វើយ៉ាងណាអោយ មូលដ្ឋានរបស់យើងគ្មានគ្រឿងញៀន មួយទៀតត្រូវជំរុញការផ្សព្វផ្សាយអោយបានទូលំទូលាយដល់ប្រជាពលរដ្ឋពីផលប៉ះពាល់និងគ្រោះថ្នាក់ដែលបង្កឡើងដោយគ្រឿងញៀន ។ ការងារសន្តិសុខនេះជាកត្តាសំខាន់ណាស់ដែលមិនអាចខ្វះបាន ហើយមនុស្សគ្រប់គ្នា គ្រប់ស្រទាប់វណ្ណៈ មិនថាអ្នកមានឬអ្នកក្រនោះទេ គឺចង់បានមូលដ្ឋានមានសន្តិសុខល្អ ។
កិច្ចប្រជុំនេះដែរលោកអភិបាលខណ្ឌបានណែនាំអោយមន្ត្រីក្នុងជួរគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌត្រៀមរៀបចំផែនការការពារសន្តិសុខសណ្តាប់ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅក្នុងមូលដ្ឋានអោយបានល្អ និងត្រៀមការពារការប្រកួតកីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមដែលនិងចូលមកដល់នៅពេលខាងមុខ ។
ស្របពេលដែលពិធីបុណ្យចូលឆ្នាំថ្មីមកដល់ លោកអភិបាលខណ្ឌសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លើងទៀន ភ្លើងធូប ចង្ក្រានហ្គាស់ ប្រព័ន្ធខ្សែភ្លើងនៅក្នុងផ្ទះ ត្រូវត្រួតពិនិត្យអោយបានហ្មត់ចត់បំផុតមុននិងចេញពីផ្ទះទៅកំសាន្តនៅតាម មណីយដ្ឋាននានា បង្កាខ្លាចកើតមានគ្រោះអគ្គីភ័យ ៕
សណ្តោស