កណ្តាល: ផ្ទះប្រជាពលរដ្ឋចំនួន៣៧ខ្នងបានទទួលរងនូវការខូចខាត ក្នុងនោះ៣ខ្នងបាក់រៀបដល់ដី ដោយសារឥទ្ធិពលខ្យល់កន្ត្រាក់លាយភ្លៀងបានបត់បោកយ៉ាងខ្លាំងកាលពីវេលាម៉ោង១២,៣០នាទីថ្ងៃត្រង់ទី១៩ ខែមិថុនា ឆ្នាំ២០១៦ នៅក្នុងភូមិសាស្ត្រស្រុកពញាឮ ខេត្តកណ្តាល ។
គ្រោះធម្មជាតិភ្លៀងលាយខ្យល់កន្ត្រាក់បំផ្លាញផ្ទះប្រជាពលរដ្ឋអស់ជាច្រើនខ្នងនេះបានបក់បោកមកលើឃុំចំនួន២ រួមមានឃុំផ្សារដែកខូចខាតផ្ទះសរុបចំនួន២៦ខ្នង រលំដល់ដីចំនួន១ខ្នង និង២៥ខ្នងទៀតទ្រេត ប៉ើងដំបូល របើកជញ្ជាំង ដោយឡែកនៅឃុំវិហាហ្លួង ខូចខាតផ្ទះចំនួន១១ខ្នង រលំដល់ដីចំនួន២ខ្នង របើកដំបូល៩ខ្នងរួមជាមួយកុដិព្រះសង្ឃ១ខ្នងនៅក្នុងវត្តវិហារសំណ ។ ក្នុងករណីកើតគ្រោះធម្មជាតិនេះដែរពុំមានបង្កគ្រោះថ្នាក់ដល់អ្នកភូមិឡើយខូចខាតតែលំនៅដ្ឋានប៉ុណ្ណោះ ។
លោកវរៈសេនីយ៍ទោដួង តេង អធិការនគរបាលស្រុកពញាឮដែលដឹកនាំកម្លាំងចុះទៅជួយអន្តរាគមន៍ប្រមូលសម្ភារៈជូនប្រជាបានប្រាប់នគរដ្រេហ្គន នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ ដូច្នេះថា តាមតួលេខដែលកម្លាំងរបស់ចុះស្រង់ស្ថិតិពិនិត្យឃើញថា ផ្ទះដែលរងនូងការខូចខាតចំនួនសរុប៣៧ខ្នង ខូចខាតធ្ងន់ធ្ងររលំបាត់ដល់ដីទាំងស្រុងចំនួន៣ខ្នង ។ គ្រោះធម្មជាតិភ្លៀងលាយខ្យល់កន្ត្រាក់នេះបោកបក់មកលើឃុំចំនួន២ ទី១-ឃុំផ្សារដែក ប៉ះចំភូមិចំនួន៤ រួមមានភូមិបដិមាករ,ភូមិទួលអង្គុញ,ភូមិចំបក់មាសនិងភូមិផ្សារដែកលើ ខូចខាតផ្ទះប្រជាពលរដ្ឋចំនួន២៥ខ្នង រលំដល់ដី១ខ្នង ទី២-ឃុំវោហារហ្លួង ប៉ះចំភូមិចំនួន៣ រួមមានភូមិអំពិលដាំទឹក, ភូមិថ្នល់ និងភូមិចតុទិស ខូចខាតចំនួន១១ខ្នង រលំដល់ដី២ខ្នង ។ ដោយមើលឃើញផ្ទះប្រជាពលរដ្ឋ១គ្រួសារមានជីវភាពក្រលំបាកជាងគេលោកក៏បានរ៉ៃអង្គាសប្រាក់យកទៅជួយឧបត្ថម្ភបន្ទាន់ក្នុងការទិញតង់ និងបង្គោលឈើសង់រោងអោយស្នាក់នៅបណ្តោះអាសន្ន ។ ដោយឡែកលំនៅដ្ឋានផ្សេងទៀតដែលរបើកជញ្ជាំង របើកដំបូល និងទ្រេត ត្រូវបានកម្លាំនគរបាលចុះទៅជួយជួសជុល និងប្រមូលសម្ភារៈដាក់ចូលទៅក្នុងផ្ទះវិញ ។
លោកអធិការបន្តថា តាមផែនការរបស់គណៈបញ្ជាការឯកភាពស្រុក នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦នេះ ក្រុមការងារគណៈពង្រឹងរួមជាមួយក្រុមការងារសាខាកាកបាទក្រហមខេត្តនិងនាំយកអំណោយសង្គ្រោះបន្ទាន់ទៅផ្តល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយធម្មជាតិ ដើម្បីសំរាលការលំបាក ជាមួយគ្នានោះដែលកម្លាំងនគរបាលស្រុកនិងបន្តចុះជួយជួសជុលផ្ទះប្រជាពលរដ្ឋដែលរងនូវការខូចខាតដោយគ្រោះធម្មជាតិ ៕
សណ្តោស