ខេត្តពោធិ៍សាត់៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកសហជាមួយកម្លាំងចម្រុះជលផល ព័ទ្ធចាប់ចោរលួចកាណូតបានចំនួន ៤នាក់រួមទាំងវត្ថុតាង ខណៈកិច្ច
ប្រតិប្រត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង១ និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០១៦ នៅចំណុចបឹងទន្លេសាបស្ថិតក្នុងភូមិកំពង់ប្រាក់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
សមត្ថកិច្ចនរគបាលស្រុកក្រគរបានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីទទួលបានពត៌មាននិងប្តឹងតាមទូរស័ព្ទពីប្រជាពលរដ្ឋរស់នៅភូមិអន្លង់រាំង ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ថា សុំឲ្យសមត្ថកិច្ចជួយស្ទាក់ចាប់ចោរលួចកាណូត ១គ្រឿង ដែលមានប្រវែង៦,៣០ម៉ែត្រ ទទឹងប្រវែង០,៨០ម៉ែត្រ និងជម្រៅ០,៥០ម៉ែត្រ ពណ៌ក្រហម ម៉ាស៊ីនម៉ាកហ៊ីណូតា២បូរ បើកចេញទៅទិសខាងកើត។ ប្រភពពីសមត្ថកិច្ចខាងលើបន្តថា គ្រានោះបានចុចទូរស័ព្ទទំនាក់ទំនងទៅសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធដើម្បីជួយឃ្លាំមើលនិងចាប់ ក្រោយមកទើបទទួលបានព័ត៌មានថាកម្លាំងចម្រុះជលផលចាប់បានមនុស្សចំនួន៤នាក់និងវត្ថុតាងកាណូតបាឡាសំបកស្មាច់ចំនួន ២គ្រឿងផងដែរ គ្រានោះមានកាណូត ១គ្រឿងមានមនុស្សបើករត់គេចខ្លួនផងដែរ។
ដល់ព្រឹកម៉ោងប្រមាណ ៨និង៣០នាទី ថ្ងៃដដែលមានប្រជានេសាទប្រទះឃើញសំបកបាឡាស្មាច់(គ្មានម៉ាស៊ីន) អណ្ដែតទឹកចោលនៅចំណុចដងគោមទី៤ (កណ្ដាលទន្លេ) ស្ថិតក្នុងភូមិ-ឃុំកំពង់លួង ស្រុកក្រគរ។ ប្រភពដដែលខាងលើបន្តទៀតថា សមត្ថកិច្ចបានដកហូតកាណូតជនសង្ស័យចំនួន ២គ្រឿង និងសំបកបាឡាស្មាច់ ១គ្រឿង យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់លួងជាបណ្ដោះអាសន្ន ចំណែកជនសង្ស័យទាំង ៤នាក់ ទី១ត្រូវបានគេស្គាល់ឈ្មោះ អាន ពៅ ភេទប្រុស អាយុ ៣៤ឆ្នាំ ទី២-ឈ្មោះ ង្វៀង យ៉ាំងធឿង ភេទប្រុស អាយុ ២០ឆ្នាំ ទី៣-ឈ្មោះ ង្វៀង យ៉ាំងទុង អាយុ ១៨ឆ្នាំ និងទី៤-ឈ្មោះ ង្វៀង យ៉ាំងលុង ភេទប្រុស អាយុ ១៩ឆ្នាំ ជនសង្ស័យទាំង ៤នាក់ ស្នាក់នៅភូមិទី៥ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិសាត់ (ជនជាតិវៀតណាម) ។
ប្រភពដដែលបញ្ជាក់ទៀតថា ករណីនេះសមត្ថកិច្ចស្រុកក្រគរកំពុងបំពេញសំណុំឯកសារបញ្ជូនខ្លួនពួកគេទៅការិយាល័យជំនាញ នៃស្នងការនគរបាលដើម្បីចាត់ការបន្ត ៕
ដោយ៖ ប៉ឹម ពិន