ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍ កាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦
ខាងក្រោមជាខ្លឹមសារទាំងស្រុង ដែលសម្តេចតេជោបានផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក៖ «នៅព្រឹកថ្ងៃទី២០ មិថុនា នេះ ខ្ញុំព្រះករុណាខ្ញុំបានចូលរួមបិទវគ្គប្រគល់សញ្ញាបត្រដល់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ឧត្តមគតិជាតិ សិស្សមន្ត្រីក្រមការជំនាន់សាមគ្គីជាតិ និងវិញ្ញាបនបត្រកម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ មន្ត្រីមធ្យមឆ្នាំ២០១៥ សិក្ខាកាមមន្ត្រីក្រសួងបរិស្ថាន សិក្ខាកាមថ្នាក់ដឹកនាំជាស្រ្តី ព្រមទាំងបើកវគ្គបណ្ដុះបណ្តាលឆ្នាំ ២០១៦ របស់សាលាភូមិន្ទរដ្ឋបាលចំនួន ៩១៥។
ខ្ញុំសូមអបអរសាទរ និងកោតសរសើរដល់ជ័យលាភីទាំងអស់ និងសូមកោតសរសើរដល់សាលាភូមិន្ទរដ្ឋបាលដែលបានប្រឹងប្រែងបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសមន្រ្តីរបស់រាជរដ្ឋាភិបាលកម្ពុជាអោយកាន់តែមានសមត្ថភាពពេញលេញប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ សូមធ្វើមន្រ្តីជើងពីរ កុំធ្វើមន្រ្តីជើង១០ ហើយក៏មិនត្រូវធ្វើជាមន្រ្តីគ្រាប់ល្ពៅដែរ។ មន្រ្តីជើងពីរមានការទទួលខុសត្រូវ និងចេះចុះជួយដោះស្រាយប្រជាពលរដ្ឋប្រកបដោយការទទួលខុសនិងត្រូវ និងចេះធ្វើការរួមគ្នាជាក្រុម។ កុំប៉ែងជើងគ្នា និងកុំក្តិចត្រួយ បើមានមន្រ្តីណាមានសមត្ថភាពពិតប្រាកដគឺយើងរុញឡើង។ ហើយចំពោះមន្រ្តីដែលបានធ្វើធំហើយ ក៏មិនត្រូវភ្លេចមន្រ្តីតូចតាចដែរ។
ឆ្លៀតពេនេះ ខ្ញុំសូមអភ័យទោសជាសាធារណៈផងដែរដែលកាលពីពេលថ្មីៗនេះ ខ្ញុំបានជិះម៉ូតូនៅខេត្តកោះកុងមិនបានពាក់មួកសុវត្ថិភាព។ សូមបងប្អូនប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៌ ហើយត្រូវតែពាក់មួកការពារសុវត្ថិភាពគ្រប់ពេល ទោះបីជិះម៉ូតូជិតឬឆ្ងាយក៏ដោយ។
កាលពីជាង៣០ឆ្នាំមុន ថ្ងៃទី២០មិថុនានេះគឺជាពេលគ្រោះថ្នាក់ខ្លាំងណាស់ និងជាថ្ងៃឈឺចាប់បំផុត ហើយក៏ជាថ្ងៃដែលខ្ញុំងើបតស៊ូវាយប៉ុលពតរំដោះប្រទេសជាតិ និងមានវត្តមានជាមួយប្រជាពលរដ្ឋមកទល់ថ្ងៃនេះ។ នៅថ្ងៃនេះខ្ញុំសម្រេចចិត្តបង្កើនអាហារូបករណ៌ជួយដល់និស្សិតថ្នាក់ឯកទេសនៃសាកលវិទ្យាល័យវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលចំនួន ៤០នាក់ដែលជាប់ចំណាត់ថ្នាក់លេខ១ដែលត្រូវរៀនឆ្នាំ២០១៥ដល់២០១៨និងឆ្នាំ២០១៦ដល់ឆ្នាំ២០១៩។
ខ្ញុំព្រះករុណាខ្ញុំសូមប្រគេនពរ និងជូនពរដល់ព្រះតេជគុណ និងជ័យលាភីទាំងអស់ សូមជួបតែសំណាងល្អ និងមានអនាគតល្អគ្រប់ៗគ្នា» ៕
ដោយ៖ សីលា