ភ្នំពេញ៖ មន្ត្រីស្ថានទូតនៃព្រះរាជាណាចក្រថៃប្រចាំនៅកម្ពុជាបានបញ្ជាក់កាលពីព្រឹកថ្ងៃទី២០ខែមិថុនា ឆ្នាំ២០១៦ នេះ
លោកស្រី ជីរ៉ាណាន់ វង្សមង្គល អគ្គទីប្រឹក្សាពិណិជ្ជកម្មប្រចាំឯកអគ្គរាជទូតថៃនៅប្រទេសកម្ពុជាបានបញ្ជាក់ថា កម្មវិធីពិព័រណ៍ពាណិជ្ជកម្មកម្មថៃឆ្នាំ២០១៦លើកទី២នេះនឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦នេះនៅកោះពេជ្រ ក្រោយពីទទួលបានការគាំទ្រពីអ្នកចូលរួមលើកទី១ជាច្រើនផងដែរ។
លោកស្រីបញ្ជាក់ដែរថា កម្មវិធីនេះនឹងមានក្រុមហ៊ុនប្រមាណ២០០មកពីប្រទេសថៃ និងមានស្តង់សរុបចំនួន២៥០ស្តង់។ លោកស្រីបញ្ជាក់ថា មុខទំនិញដែលក្រុមហ៊ុនទាំងនោះយកមកដាក់តាំងបង្ហាញនិងលក់នាគ្រានោះមានដូចជា សម្ភារសំណង់, គ្រឿងបន្លាស់ម៉ាស៊ីន, អាហារ, ភេសជ្ជៈ, សម្លៀកបំពាក់, សម្ភារៈប្រើប្រាស់ក្នុងផ្ទះ, វត្ថុអនុស្សាវរីយ , គ្រឿងសម្អាង , សម្ភារៈអគ្គិសនីជាដើម។
ក្រៅពីនេះមានទំនិញប្រភេទ OTOP មកពីខេត្តត្រាត ខេត្តចាន់ថៈបុរី និងខេត្តកាឡាក់ស៊ីនជាដើម។ លោកស្រីបញ្ជាក់ថា ពិព័រណ៍ពាណិជ្ជកម្មថៃឆ្នាំ២០១៦លើកទី២នឹងក្លាយជាឱកាសផ្សព្វផ្សាយផលិតផលរបស់ថៃដែលមានគុណភាពល្អតម្លៃសមរម្យនិងជាការអរគុណដល់អតិថិជនដែលគាំទ្រទំនិញថៃដោយពួកគាត់មានឱកាសទិញទំនិញពីម្ចាស់រោងចក្រដោយផ្ទាល់ក្នុងតម្លៃដែលអាចធានាបានថាថោកជាងលើទីផ្សារ។ លោកស្រីបញ្ជាក់ដែរថា ក្រៅពីស្តង់មកពីព្រះរាជាណាចក្រថៃក៏នឹងមាន៥ស្តង់ផ្សេងទៀតរបស់ព្រះរាជាណាចក្រកម្ពុជាក៏នឹងត្រូវដាក់តាំងលក់ដែរដែលភាគច្រើនជាផលិតចម្លាក់ខ្មែរ និងគ្រឿងអលង្ការជាដើម។
លោក យិន សុភី តំណាងក្រុមហ៊ុន Cambo ដែលទទួលបានសិទ្ធិរៀបចំកម្មវិធីពិព័រណ៍ខាងលើបានបញ្ជាក់ថា ទាំងសន្តិសុខ សុវត្ថិភាព ត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់ដើម្បីប្រាកដថាជាការជួយការពារដល់អ្នកចូលទស្សនា និងទិញទំនិញ។ លោកបញ្ជាក់ថា ក្រៅពីការដាក់តាំងក្នុងអាគារគឺមានការរៀបចំស្តង់លក់នៅខាងក្រៅដោយបំពាក់ដោយរោងមានម៉ាស៊ីនត្រជាក់ដូចគ្នាដើម្បីងាយស្រួលដល់អ្នកចូលរួម។ លោកបន្តថា ក្រៅពីការដាក់តាំងបង្ហាញនិងលក់ទំនិញចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង៩យប់នោះក៏មានកម្មវិធីប្រគុំតន្ត្រីដែលចូលរួមដោយសិល្បករល្បីៗដូចជាកញ្ញា សុគន្ធនីសា, លោក ឆន សុវណ្ណរាជ, កញ្ញា ឈិត សុវណ្ណបញ្ញា ជាដើម៕
ដោយ៖ វឌ្ឍនា