ភ្នំពេញ៖ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យមន្រ្ដីជំនាញ ពាក់ពន្ធ័ក្រោមឱវាទ
លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា៖ អមន្រ្ដីនៅ មន្ទីរសាធារណការ អាជ្ញាធរខណ្ឌ នឹងជំនាញពាក់ព័ន្ធ ត្រូវ សហការរួមគ្នារៀបចំយុទ្ធសាស្ត្រថ្មី ឲ្យមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌ ដែលមានព្រំប្រទល់ភូមិសាស្ត្រ ជាប់ខណ្ឌគ្នា ត្រូវរកច្រករំដោះទឹក និងបូមទឹកជំនន់ទឹកភ្លៀង ចេញទៅអាងស្តុកទឹក ដើម្បីបញ្ជៀសការលិច លង់ ឲ្យបានទាន់ពេលវេលា ។
ជាមួយគ្នានេះដែរ លោក ប៉ា សុជាតិវង្ស ក៍បានបន្តដំណើរចុះទៅពិនិត្យមើលការកាយប្រឡាយទម្លាយទឹកតាប៉ែន ជាបន្ទាន់ពីប្រឡាយស្របផ្លូវរថភ្លើង មុខព្រលានយន្តហោះ ភ្ជាប់ទៅប្រឡាយទួលសំពៅ ។ ប្រឡាយដែលកំពុងកាយទម្លាយនេះ មានតួនាទីរំដោះបញ្ហាទឹកលិចនៅតំបន់ចោមចៅ កាកាប និងតំបន់មុខព្រលានតែម្តង។
លោកប៉ា សុជាតិវង្ស បានលើកឡើងថា ៖សាលារាជធានីភ្នំពេញ មានជំនឿយ៉ាងមុតមាំបញ្ជាក់ប្រាប់ប្រជាជននៅរាជធានីភ្នំពេញថា ឆ្នាំនេះ រាជធានីភ្នំពេញពិតជាលែងរងការកំរាមកំហែងដោយជំនន់ទឹកភ្លៀងលិចខ្លាំងដូចឆ្នាំមុនៗ ទៀតហើយ ដោយសារមន្ទីរសាធារណការ អាជ្ញាធរខណ្ឌ និងផ្នែកពាក់ព័ន្ធ បានចុះទៅដល់ចំណុចប្រឈម ដែលទឹកមិនហូរនៅតាមខណ្ឌ ដែលតម្រូវឲ្យមន្ទីរជំនាញ និងអាជ្ញាធរត្រូវដោះស្រាយបន្ទាន់ ដោយផ្តាច់មុខទឹក ដែលរាំងស្ទះនៅតាមចំណុចព្រំប្រទល់ខណ្ឌនីមួយៗ ធ្វើយ៉ាងណាជីក កាយ ឲ្យចរន្តទឹកហូរឆ្ពោះចូលលូ ប្រឡាយ និងស្ថានីយ៍ ដើម្បីបូមរំដោះចេញតែម្តង។
លោកបន្តថា៖ វិធានការថ្មីនេះ ដោយកន្លងមក ការជន់លិចភូមិសាស្ត្ររាជធានី បណ្តាលមកពីមានប្រភពទឹកហូរធ្លាក់មកពីភាគខាងលិច ក្នុងស្រុកអង្គឈ្នួលនៃខេត្តកណ្តាល ហូរធ្លាក់ចូលមករាជធានីភ្នំពេញ ឆ្លងកាត់ខណ្ឌពោធិសែនជ័យ សែនសុខ ទួលគោក និងខណ្ឌព្រែកព្នៅ ទើបហូរចាក់ទៅស្ថានីយ៍ទំនប់កប់ស្រូវ បូមឡើងទម្លាក់ចូលបឹកតាមោក។ លោកបានបន្តថា ដោយពិនិត្យតាមដានរកឃើញមូលហេតុដូច្នេះ ទើប អាជ្ញាធរ និងផ្នែកជំនាញ លើផែនការនៃយុទ្ធសាស្ត្រថ្មីនេះ ដើម្បីដោះស្រាយ និងការពារការជន់លិចដោយជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញឲ្យបានល្អ។
មន្ត្រីនៅមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ជាក់ថា ៖ កន្លងមករាជធានីភ្នំពេញមានការប្រឈម ដោយជំនន់ទឹកភ្លៀងលេចជារៀងរាល់ឆ្នាំ នៅកណ្តាលទីក្រុង ដែលមានខណ្ឌចំនួន៤ គឺខណ្ឌចំការមន ៧មករា ទួលគោក និង ខណ្ឌដូនពេញ ដោយសារប្រព័ន្ធលូមានទំហំតូច និងចាស់ទ្រុឌទ្រោម។ ប៉ុន្តែនៅពេលនេះ មន្ទីរជំនាញ និងផ្នែកពាក់ព័ន្ធ រួមនិងអង្គការចៃការ បានរៀបចំជួសជុល និងកែលម្អដាក់ប្រព័ន្ធលូមេនៅក្នុងភូមិសាស្ត្រខាងលើនេះ ដោយមុខកាត់ធំៗចាប់ពី១ម៉ែត្រកន្លះ ទៅពីរម៉ែត្រ ធ្វើឲ្យរាជធានីភ្នំពេញបញ្ជៀសពីការលេចលង់ដោយជំនន់ទឹកភ្លៀងបាន៦០ភាគរយ ពោលគឺលិចដែរ តែឆាប់ស្រកមិនមាន ការដក់ជាប់លើថ្នល់នៅយូរច្រើនម៉ោងដូចរាល់ឆ្នាំ។
មន្ត្រីមន្ទីរសាធារណការក្រុងភ្នំពេញ បន្ថែមថា នៅខែកញ្ញាខាងមុនឆាប់ៗនេះ ស្ថានីយ៍បូមទឹកចំនួន៣ គឺស្ថានីយ៍បឹងត្របែក ទួលគោកទី១ និងទួលគោកទី២ ស្ថាបនារួចរាល់ នឹងជួយបូមទឹករំដោះចេញបន្ថែមទៀត នៅពេលនោះរាជធានីភ្នំពេញ ពិតជាលែងរងការគំរាមកំហែងពីការលិចលង់ ដោយជំនន់ទឹកភ្លៀងជាមិនខាន ៕
ដោយ៖ សំរិត