រដ្ឋធានីរ៉ូម ប្រទេសអីតាលី មានស្ត្រីជាអភិបាលដំបូងគេបង្អស់នៅក្នុងប្រវត្តិសាស្ត្រមិនធ្លាប់មានក្នុងរយៈពេល ៣,០០០ឆ្នាំកន្លងមក
ស្ត្រីដែលក្លាយជាប្រវត្តិសាស្ត្រនោះគឺលោកស្រី Virginia Raggi អាយុ៣៧ឆ្នាំ ជាសមាជិករបស់គណបក្ស Five Star Movement ។ លោកស្រី Raggi បានក្លាយជាស្ត្រីដំបូងបង្អស់ដឹកនាំទីក្រុងរ៉ូម។ ការទទួលជ័យជំនៈនោះមិនខុសអ្វីពីការ «ទម្លាក់ដុំថ្ម» ទៅលើនាយករដ្ឋមន្ត្រី Matteo Renzi និងគណបក្សប្រជាធិបេតេយ្យកាន់អំណាច។
លោកស្រី Raggi គឺជាមេធាវីមួយរូបមិនសូវមានអ្នកណាបានដឹងឡើយនៅមុនការបោះឆ្នោត ប៉ុន្តែក្រោយពេលដែលលោកស្រីទទួលបានជ័យជំនៈលើគណបក្សប្រជាធិបតេយ្យដែលមានលោក Roberto Giachetti ជាបេក្ខភាព លោកស្រីចាប់ផ្តើមល្បីល្បាញ់លើសពីការស្មានដោយសារតែលោកស្រីគឺជាស្ត្រីទី១ដែលកាន់ដំណែងអភិបាលទីក្រុងរ៉ូម។
លោក្រី Raggi បាននិយាយទៅកាន់ពលរដ្ឋនៅទីក្រុងរ៉ូមថា «ខ្ញុំគឺជាអភិបាលរបស់ពលរដ្ឋនៅទីក្រុងរ៉ូម ខ្ញុំនិងខិតខំធ្វើឲ្យមានការរីកចម្រើន និងមានទល្យភាពឡើងវិញក្រោយពេលគ្រប់គ្រងយ៉ាងទន់ខ្សោយរយៈពេលជាង២០ឆ្នាំកន្លងមក។ នេះជាទំព័រថ្មីដែលយើងត្រូវចាប់ផ្តើម»។
លោកស្រី Raggi នឹងដឹកនាំទីក្រុងដែលបានលិចលង់ក្នុងបំណុលប្រមាណ ១៥ពាន់លានដុល្លារគឺច្រើនជាងប្រាក់ចំណូលប្រចាំឆ្នាំទ្វេដង។ មិនត្រឹមតែប៉ុណ្ណោះពលរដ្ឋនៅក្នុងក្រុងក៏បានប្រឈមមុខនិងផ្លូវថ្នល់ខូចខាត មិនបានជួសជុល និងខ្វះប្រព័ន្ធចរាចរណ៍សាធារណៈនិងលំនៅឋាន ។
លោក Ignazio Marino អភិបាលក្រុងរ៉ូមមកពីគណបក្សប្រជាធិបតេយ្យត្រូវលាលេងចេញពីតំណែងកាលពីខែតុលា ឆ្នាំ២០១៥ ដោយសារតែការគ្រប់គ្រងមិនបានល្អ ទុកឲ្យក្រុមម៉ាហ្វីយ៉ាអ៊ុកឡុកប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ។ តាំងពីពេលនោះមកទីក្រុងរ៉ូមគ្មានអភិបាលក្នុងការដឹកនាំនោះឡើយ។ ក្រៅពីទីក្រុងរ៉ូមនៅមានទីក្រុង Turin ក៏បានធ្លាក់មកគណបក្សប្រឆាំងផងដែរដែលមានលោកស្រី Chiara Appendino អាយុ៣១ឆ្នាំក្លាយជាអភិបាលនៃទីក្រុងនោះ។
ជាមួយនិងលទ្ធផលខាងលើគឺជាគំនៀបយ៉ាងខ្លាំងទៅលើនាយករដ្ឋមន្ត្រីដែលកំពុងតែប្រឈមនិងការបោះឆ្នោតប្រជាមតិដ៏សំខាន់នៅខែតុលាខាងមុខ។ ការបោះឆ្នោតផ្តល់ទំនុកចិត្តគឺជាការសម្រេចជោគវាសនានយោបាយរបស់នាយករដ្ឋមន្ត្រី។
នៅក្នុងការបោះឆ្នោតឃុំ-សង្កាតកាលពីថ្ងៃទី១៩ ខែមិថុនា កន្លងមក គណបក្សប្រជាធិបតេយ្យរបស់លោក Renzi នៅអាចរក្សាបានកៅអីអភិបាលនៅទីក្រុង AC Milan , Bologna និង ណាផលេស៕
ប្រែសម្រួល៖ សាធី