ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាមហា ជនជ្រើសរើសជើងឯករាជធានីភ្នំពេញ ប្រចាំឆ្នាំ២០១៦ត្រូវបានបញ្ចប់និងរៀបចំធ្វើពិធីបិទជាផ្លូវការ
លោក ម៉ក់ ច័ន្ទរិទ្ធ អនុប្រធានការិយា ល័យកីឡានៃមន្ទីរអប់រំយុវជននិងកីឡា រាជធានីភ្នំពេញបានឲ្យដឹងថា ការប្រកួតនេះ ធ្វើឡើងដោយមានវិញ្ញាសាចំនួន៤ប្រភេទដូចជាកីឡាបាល់ទាត់, បាល់ទះ, បាល់ បោះ និងអត្តពលកម្មដែលមានក្លិប និង សមាគមកីឡាចំនួន១២ចូលរួមប្រកួតក្នុងនោះមានកីឡាករ-កីឡាការិនីសរុប ប្រមាណ២៤៤នាក់ ក្នុងនោះបាល់ទាត់ មាន៥ក្រុម, បាល់ទះមាន៤ ក្រុម, បាល់ បោះមាន៤ក្រុម និងអត្តពលកម្មមាន៤ ក្រុម ដោយប្រកួតនៅ៣ទីលាន ដូចជាទីលានវិទ្យាល័យច្បារអំពៅ,វិទ្យាល័យជាស៊ីម បឹងកេងកងនិងសាលាបឋមសិក្សាទួល គោក ។
ចំណែកលោកអ៊ុក ចន្ថា អនុប្រធានមន្ទីរ អប់រំយុវជននិងកីឡារាជធានីភ្នំពេញមានប្រសាសន៍ថា ការលេងកីឡាមានប្រយោជន៍ខ្លាំងណាស់សម្រាប់មនុស្សគ្រប់វ័យពីព្រោះ កីឡានាំមកនូវសុខភាពល្អទាំងផ្លូវកាយ ផ្លូវ ចិត្ត និងជួយឲ្យជៀសផុតពីភាពអសកម្ម ផ្សេងៗក្នុងសង្គមផងដែរហើយកីឡាបានរួមចំណែកកសាងធនធានមនុស្សនិងអភិវឌ្ឍសង្គមជាតិ ។
លោកអនុប្រធានមន្ទីរបានបញ្ជាក់ថា នៅឆ្នាំ២០២៣ប្រទេសយើងនឹងធ្វើជាម្ចាស់ ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ។ ដូច្នេះការលើកស្ទួយវិស័យកីឡាគឺជារឿងចាំបាច់ដើម្បីឲ្យធនធានកីឡាករកីឡាការិនីកម្ពុជាកាន់តែមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដណ្ដើមយកមេដាយក្នុងនាមជាម្ចាស់ផ្ទះនោះ។
ជាមួយគ្នានេះដែរ លោកបានសំណូមពរដល់ប្រធានក្លិបនិងសមាគមទាំងអស់ ជួយបង្កលក្ខណៈងាយស្រួលដល់កីឡាករកីឡាការិនីល្អៗនិងក្រុមដែលជាប់ជាជ័យលាភីនាពេលនេះត្រូវបន្ដហ្វឹកហាត់បន្ថែមទៀត ដើម្បីត្រៀមលក្ខណៈចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិលើកដំបូងដែលនឹងចាប់ផ្ដើមនាចុងខែតុលាខាងមុខនៅ រាជធានីភ្នំពេញ ។
ចំពោះលទ្ធផលក្នុងការប្រកួតនេះ ប្រភេទកីឡាអត្តពលកម្មចំណាត់ថ្នាក់លេខ១បានទៅសាលាអន្តរទ្វីបអាមេរិកាំង, លេខ២បានទៅវិទ្យាល័យព្រះស៊ីសុវត្ថិ និង លេខ៣បានទៅវិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីវត្តភ្នំ។ រីឯប្រភេទកីឡាបាល់ទាត់វិញលេខ ១វិទ្យាស្ថានវ៉ាន់ដាគណនេយ្យ, លេខ២ វិទ្យាល័យជាស៊ីមសាមគ្គី និងលេខ៣វិទ្យា ល័យទួលអំពិល ។ កីឡាបាល់ទះលេខ១បានទៅវិទ្យាល័យហ៊ុន សែន ប៊ុន រ៉ានីផ្សារ ដើមថ្កូវលេខ២វិទ្យាល័យព្រែកឯង និង លេខ៣វិទ្យាល័យជាស៊ីមសាមគ្គី ។ សម្រាប់ លទ្ធផលបាល់បោះលេខ១សាកលវិទ្យា ល័យខេមអាយយូ, លេខ២វិទ្យាល័យព្រះ ស៊ីសុវត្ថិនិងលេខ៣សាលាអន្ដរទ្វីបអាមេរិកាំង ៕
ដោយ៖ សារីម