ភ្នំពេញ : ស្វែងយល់អំពីសក្តានុពល និងកាលានុវត្តភាពនៃការអភិវឌ្ឍប្រកបដោយគុណភាពលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារកម្មនៅកម្ពុជា ជាមួយ “វេទិកាវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ឆ្នាំ២០២៣” (Transport and Logistics Forum 2023) ។
សូមបញ្ជាក់ថា ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្តល់កិត្តិយសអញ្ជើញជាសហធិបតី រួមជាមួយលោក Tassilo Brinzer អគ្គនាយកសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia) ក្នុងកម្មវិធី “វេទិកាវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ឆ្នាំ២០២៣” (Transport and Logistics Forum 2023) ដោយមានការអមដំណើរពីថ្នាក់នាំ និងមន្ត្រីជំនាញពាក់ព័ន្ធ ព្រមដោយវត្តមានអ្នកចូលរួមពីស្ថាប័នពាក់ព័ន្ធជាច្រើនរូប។ កម្មវិធីនេះដែរបានប្រព្រឹត្តទៅនៅសណ្ឋាគារ Raffles Hotel Le Royal។
វេទិកាវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ឆ្នាំ២០២៣ (Transport and Logistics Forum 2023) ត្រូវបានរៀបចំឡើងដោយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia) ក្នុងគោលបំណងដើម្បីចែករំលែកព័ត៌មានបច្ចុប្បន្នភាពទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងវិស័យភស្តុភារកម្មនៅកម្ពុជា ក៏ដូចជាដើម្បីពិភាក្សា ផ្លាស់ប្តូរយោបល់ សំដៅឱ្យវិនិយោគិនពីវិស័យឯកជន បានស្វែងយល់អំពីសក្តានុពល និងកាលានុវត្តភាពនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ដែលនេះជាការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ឱ្យកាន់តែមានការរីកចម្រើនថែមទៀត។
ថ្លែងនៅក្នុងសុន្ទរកថាបើកកម្មវិធីនាឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន នៅតែជាយុទ្ធសាស្រ្តចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ខណៈនេះយើងកំពុងស្ថិតក្នុងដំណើរការនៃការបញ្ចប់ ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីការដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា 2022-2030 (CIT-MP) ដែលជាការរួមបញ្ចូលគ្នានៃផែនការមេការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវគោក ផ្លូវដែក ផ្លូវទឹក ផ្លូវអាកាស កំពង់ផែ ភស្តុភារកម្ម និងការដឹកជញ្ជូនអន្តរកម្ម។ គម្រោងរអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងរឹង និងទន់ចំនួន ១៥០ ត្រូវបានដាក់បញ្ចូលទៅក្នុង CIT-MP ដែលត្រូវការទំហំទឹកប្រាក់វិនិយោគប្រមាណ ៣០ពាន់លានដុល្លារអាមេរិក នឹងត្រូវអនុវត្តក្នុងរយៈពេល ១០ឆ្នាំខាងមុខ។
បន្ថែមពីលើនោះ គម្រោងសិក្សាសមិទ្ធិលទ្ធភាពត្រូវបានអនុវត្តជាបន្តបន្ទាប់ សំដៅលើកកម្ពស់ការតភ្ជាប់ ដើម្បីឱ្យមានភាពប្រទាក់ក្រឡាពាសពេញផ្ទៃប្រទេស ជាក់ស្តែងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្រោងបើកការដ្ឋាននៅពាក់កណ្តាលឆ្នាំ២០២៣ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប កំពុងធ្វើការសិក្សា គម្រោងផ្លូវរថភ្លើងភ្នំពេញ-ប៉ោយប៉ែត ត្រូវបានសិក្សាលើកកម្រិតឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ដែលរាជរដ្ឋាភិបាលជំរុញឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពន្លឿនកិច្ចការនេះ និងស្វែងរកដៃគូវិនិយោគ ហើយបច្ចុន្ននេះមានគម្រោងផ្លូវថ្នល់ជាច្រើន បាននិងកំពុងធ្វើឱ្យប្រសើរឡើង ពីផ្លូវពីរគន្លង ទៅជាបួនគន្លង ពីផ្លូវក្រាលកៅស៊ូពីរស្រទាប់ស្តើង(DBST) ទៅជាផ្លូវបេតុងកៅស៊ូ(AC)។
ជម្រាបបន្ថែមទៅកាន់អង្គពិធី លោកទេសរដ្ឋមន្ត្រី បានលើកឡើងអំពីគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្ពស់ ក៏ដូចជាការពង្រីកវិសាលភាពកំពង់ផែទឹកជ្រៅក្នុងក្រុងព្រះសីហនុ ទាំងជំហានទី១ និងទី២ ក៏ការដូចជាកិច្ចព្រមព្រៀងសេវាទីប្រឹក្សាហិរញ្ញវត្ថុ (Financial Advisory Service Agreement) ជាមួយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation) ក្នុងការសិក្សាសមិទ្ធិលទ្ធភាព គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ (Sihanoukville Logistics Complex) ជាគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មលើកទី២ ដែលក្រសួងបានអនុវត្ត បន្ទាប់ពីគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មរាជធានីភ្នំពេញ។
ទាក់ទងនឹងការបន្តជំរុញលើកទឹកចិត្តការប្រើប្រាស់រថយន្តអគ្គិសនី រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំបង្កើតក្រុមការងារពិសេសអន្តរក្រសួង ដើម្បីរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងរថយន្តអគ្គិសនី ដើម្បីជំរុញលើកទឹកចិត្តឱ្យមានការប្រើប្រាស់កាន់តែទូលំទូលាយ។ ទន្ទឹងនឹងនេះ ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីដល ដើម្បីគ្រប់គ្រងការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព កាត់បន្ថយចំណាយក្រៅ ផ្លូវការ ចំណេញពេលវេលាត្រូវបានដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់។ ជាក់ស្តែងកម្មវិធី Port-EDI បានចូលរួមកាត់បន្ថយភាពស្មុគស្មាញ ការប្រើប្រាស់ពេលវេលាយូរក្នុងការស្នើសុំនាវាចូលចេញនៅកម្ពុជា និងជាការបង្ហាញអំពីយកចិត្តទុកដាក់លើការផ្តល់សេវាសាធារណៈជូនវិស័យឯកជន ធ្វើឱ្យមានប្រសិទ្ធភាព និងមានតម្លាភាព។
ជាទីបញ្ចប់ លោកទេសរដ្ឋមន្ត្រី បានថ្លែងនៅកាន់វិនិយោគិន និងតំណាងស្ថាប័នឯកជនដែលលមានវត្តមានក្នុងវេទិកានេះថា សូមកុំរួញរាក្នុងការទាក់ទងស្វែងរកការជួយគាំទ្រពីស្ថាប័នរដ្ឋ ពីព្រោះភាពជោគជ័យនៃវិស័យឯកជន គឺជាភាពជោគជ័យរបស់រាជរដ្ឋភិបាលដូចគ្នា ដូចដែលយើងដឹងស្រាប់ហើយថាកំណើនសេដ្ឋកិច្ច និងឱកាសការងារ គឺបានមកពីវិស័យឯកជនមួយភាគធំ៕
ដោយ : សហការី