ខេត្តកំពង់ឆ្នាំង ៖ កាលពីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ នៅឃុំលង្វែក ស្រុកកំពង់ត្រឡាចខេត្តកំពុងឆ្នាំង
អញ្ជើញនិងនិមន្តចូលរួមនាឱកាសនោះមានលោក ញែម វា៉លី អនុរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយឃុំលង្វែក និងលោកវ៉ែត យន មេឃុំលង្វែក រួមនិងព្រះតេជគុណសុវណ្ណជោតិបណ្ឌិតខឹមសម្បត្តិ រាជគណៈថ្នាក់កិត្តិយសរួមនឹងអាជ្ញាធរស្រុកឃុំនិងក្រុមការងារនិងប្រជាពលរដ្ឋជាពុទ្ធបរិស័ទមកពីភ្នំពេញជាច្រើនរូបផងដែរ ។
នាឱកាសនោះដែរព្រះតេជគុណ ព្រះមង្គលរក្ខិតបណ្ឌិត សុវណ្ណជោតិ ខឹម សម្បត្តិ បានមានសង្ឃដីកាថា កន្លងមកក៏ដូចជាបច្ចុប្បន្នសហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជាដែលមានព្រះអង្គជាព្រះប្រធានតែងតែបានកៀរ គររកជំនួយផ្សេងៗពីសប្បុរសជននានា ទាំងក្នុងនិងក្រៅប្រទេសនិងតាមទីវត្តអារាមនានា ដើម្បីបំរើឱ្យសកម្មភាពមនុស្សធម៌ជាមួយរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាកាកបាទក្រហមកម្ពុជាសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ។
ព្រះតេជគុណមានសង្ឃដីកាបន្តថា អំណោយទាំងនេះពិតមែនតែមិនអាចដោះស្រាយជីវភាពរបស់បងប្អូនបានយូរអង្វែង ប៉ុន្តែក៏អាចជួយសម្រាលទុក្ខលំបាកបានមួយគ្រាផងដែរ ។
អំណោយដែលយកប្រគល់ជូនប្រជាពលរដ្ឋទាំង១០៩គ្រួសារ រួមមានរបស់ក្រសួងធម្មការ និងសាសនាបានឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្រ្តាក់រលំផ្ទះចំនួន៨១គ្រួសារទទួលបានអង្ករ១៥គីឡូក្រាមនិងថវិកា ៥០,០០០រៀលក្នុងមួយគ្រួសារ និងអំណោយរបស់សហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនា មានអង្ករ១៥គីឡូក្រាម និងថវិកា ៥០,០០០រៀល ៕
ដោយ៖ អរុណរះ