ភ្នំពេញ៖ អ្នកបើករថយន្តទេសចរណ៍ម្នាក់ខណៈដែលសមត្ថកិច្ចត្រួតពិនិត្យចរាចរណ៍តាមផ្លូវសាធារណៈឃើញបើករថយន្តមិនពាក់ខ្សែក្រវ៉ាត់បានចេញទៅឃាត់
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣ និង៥០នាទីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ នៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តទេសចរណ៍ធុន១២កៅអី ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ2L-3406 ធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីពីកើតទៅលិច។ លុះមកដល់ស្តុបព្រលានយន្តអន្តរជាតិភ្នំពេញ នគរបាលចរាចរដែលដាក់គោលដៅនៅទីនោះបានហៅរថយន្តនេះឲ្យឈប់ត្រួតពិនិត្យព្រោះឃើញអ្នកបើកបរមិនពាក់ខ្សែក្រវ៉ាត់ ប៉ុន្តែនៅពេលនោះអ្នកបើកបរមិនឈប់ឲ្យសមត្ថកិច្ចត្រួតពិនិត្យទេ បែរជាបន្ថែមល្បឿនទៅមុខដើម្បីគេចពីសមត្ថកិច្ច។ ទង្វើបែបនេះធ្វើឲ្យនគរបាលចរាចរសង្ស័យនាំគ្នាជិះម៉ូតូប្រដេញរថយន្តខាងលើដល់មុខវត្តអង្គចក សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យទើបតាមទាន់ តែពេលនោះអ្នកបើកបររថយន្តនេះទុករថយន្តចោលរួចគេចខ្លួនបាត់តែម្តង។
ប្រភពព័ត៌មានដដែលបានឲ្យដឹងថា ក្រោយពីអ្នកបើកបររថយន្តទុករថយន្តចោលហើយគេចខ្លួនបាត់នោះសមត្ថកិច្ចបានអូសយករថយន្តមួយគ្រឿងនេះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយតាមច្បាប់៕
ដោយ៖ សុខា សែនជ័យ