ភ្នំពេញ៖ ឧក្រិដ្ឋជនគ្រឿងញៀនជាជនជាតិចិនចំនួន ២នាក់ រួមនឹងថ្នាំញៀនជាង៣គីឡូក្រាម ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីចាត់ការបន្តតាមច្បាប់ ក្រោយកម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿញៀន ចុះបង្រ្កាប និងឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ។
បេីតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់មន្ទីរប្រឆាំងបទល្មើសគ្រឿញៀន បានឱ្យដឹងថា៖ ករណីបង្រ្កាបឧក្រិដ្ឋជនគ្រឿងញៀនខាងលេីនេះ ដោយឃាត់ខ្លួនជនជាតិចិនទាំង២នាក់ ១៖ ឈ្មោះ Wang Xiao Feng និង២៖ ឈ្មោះ He Jin Hao ភេទប្រុស។ ចំណែកសារធាតុញៀនដែលដកហូតបានមាន៖ MDMA ទម្ងន់២៨៣៤ក្រាម, ខេតាមីន ទម្ងន់៧៧៦ក្រាម និង ម៉េតំហ្វេតាមីន ទម្ងន់១.៨០ក្រាម។ សរុបទម្ងន់ ៣គីឡូក្រាម ៦១១ក្រាម។
ក្នុងប្រតិបត្តិការនោះ ដោយអនុវត្តតាមបញ្ជានាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ កម្លាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១) ដឹកនាំដោយឧត្ដមសេនីយ៍ត្រី ពុធ ស៊ុនរស្មី នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលដឹកនាំពីលោក វង្ស សាវ៉ាត ព្រះរាជអជ្ញារងរាជធានីភ្នំពេញ និងលោក ពេញ ពិសិដ្ឋ ព្រះរាជអជ្ញារងខេត្តព្រះសីហនុ បានធ្វើឡើងពីរគោលដៅផ្សេងគ្នា ដោយទីតាំងទី១ នៅស្តុបចំការមន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងទីតាំងទី២ នៅខុនដូស្តាបេ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់នេះ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕ដោយ៖សហការី