ខេត្តកណ្តាល៖ បុរសជាជាងជួលជុលរថយន្ត២នាក់ផ្ទុះអំពើហិង្សាដាក់គ្នា ខណៈកើតមានទំនាស់ពាក្យសម្ដីបន្តិចបន្ទួច បណ្តាលឲ្យម្ខាងរងរបួសធ្ងន់ត្រូវបាន
ករណីហិង្សាដោយចេតនានេះបានកើតឡើង កាលពីវេលាម៉ោង៨ និង៤០នាទីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ នៅត្រង់ចំណុចយានដ្ឋានជួសជុលរថយន្តយីហោ“ជាមម៉េងឈាង” ស្ថិតក្នុងភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្ត្រីនគរបាលយុត្តិធម៌ក្រុងតាខ្មៅបានឲ្យដឹងថា ជនដៃដល់ឈ្មោះ ឆន មាន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងជួលជុលរថយន្ត បច្ចុប្បន្នស្នាក់នៅក្នុងយានដ្ឋានកើតហេតុខាងលើនេះនិងមានស្រុកកំណើតនៅភូមិបុណ្យ ឃុំត្នោត ស្រុកកំពង់រោរិ៍ ខេត្តស្វាយរៀង ។ ជនរងគ្រោះឈ្មោះ ម៉ៅ ព្រួញ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងជួលជុលរថយន្ត បច្ចុប្បន្នស្នាក់នៅក្នុងយានដ្ឋានខាងលើនេះ និងមានស្រុកកំណើតនៅភូមិស្វាយកង់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។ ជនរងគ្រោះរងរបួស៤កន្លែង រយះលើថ្ពាល់ខាងស្តាំ ដេរចំនួន៩ថ្នេរ ,របួសលើដើមដៃខាងស្តាំ ,ស្មាខាងឆ្វេង និងម្រាមដៃខាងឆ្វេង ។
សាក្សីនិយាយប្រាប់សមត្ថកិច្ចនគរបាលថា ជនដៃដល់និងជនរងគ្រោះដេកនៅក្នុងបន្ទប់ជាមួយគ្នា ។ នៅមុនពេលកើតហេតុជនរងគ្រោះបានទាញសម្លៀកបំពាក់ជនដៃដល់ចេញពីកន្លែងទុក ដើម្បីយករ៉ូឡូភ្លើងដោតបើកកង្ហា ។ ភ្លាមៗនោះជនដៃដល់ក៏បានស្រែកជេរម្រាយជនរងគ្រោះ រហូតកើតជាជម្លោះពាក្យសម្ដីគ្នាយ៉ាងតឹងសសៃ.ក ទោះបីជាមានការចូលទៅឃាត់ពីជាងដូចគ្នាក៏នៅតែមិនព្រមស្តាប់រៀងៗខ្លួន ។ ជម្លោះកាន់តែខ្លាំងឡើងៗឈានដល់ការប្រតាយប្រតបគ្នាទៅវិញទៅមកនិងចាប់យកអាវុធរៀងៗខ្លួនបើកការប្រយុទ្ធគ្នា បណ្តាលឲ្យភាគីរងរគ្រោះរងរបួសធ្ងន់ រីឯជនដៃដល់រងរបួសស្រាល ។
ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចនគរបាលប៉ុស្តិ៍បានចុះទៅអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ ដកហូតវត្ថុតាងដែកត្បែងចុងសំប៉ែត១ ប្រវែង៥០សង់ទីម៉ែត្រ (របស់ជនរងគ្រោះ) និងដែកឆាបចុងស្រួច១ ប្រវែង១៨សង់ទីម៉ែត្រ(របស់ជនដៃដល់) ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ចំណែកឯជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យផងដែរ ៕
ដោយ៖ ស្អាងជ័យ