នៅថ្ងៃទី២២ ខែមិថុនា នេះមន្ត្រីអាមេរិកនិងកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីល២គ្រាប់នៅ
អ្នកនាំពាក្យកម្លាំងទាហ៊ានអាមេរិកប្រចាំនៅអាស៊ីប៉ាស៊ីហ្វិក លោក Dave Benham បានឲ្យដឹងថា កាំជ្រួចមីស៊ីលទាំង២នេះបានហោះឆ្លងកាត់សមុទ្រចិនភាគខាងកើត ក្នុងនោះមានមួយដើមធ្លាក់ចូលក្នុងសមុទ្រ។ កាំជ្រួចមីស៊ីលនោះមិនបានគម្រាមកំហែងដល់អាមេរិកនោះឡើយ។
រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Gen Nakatani និយាយទៅកាន់ក្រុមអ្នកសារព័ត៌មានថា កាំជ្រួចមីស៊ីលដែលកូរ៉េខាងជើងបានបាញ់ទៅនោះមិនប៉ះពាល់ដល់សន្តិសុខជប៉ុនឡើយ ។ ប៉ុន្តែលោកបានកោះប្រជុំមន្ត្រីយោធាជាបន្ទាន់ ដើម្បីចាត់វិធានការការពារឲ្យបានទាន់ពេលវេលា។
កាំជ្រួចមីស៊ីលដំបូងរបស់កូរ៉េខាងជើង បានបាញ់នៅវេលាម៉ោង៥និង៥៨នាទី ម៉ោងក្នុងតំបន់និងកាំជ្រួចមីស៊ីលទីពីរបាញ់នៅវេលាម៉ោង៨និង៥នាទីព្រឹកហើយហោះហើរបានប្រមាណ១៥០គីឡូម៉ែត្រក៏ធ្លាក់ចូលសមុទ្រ។
ក្រសួងការបរទេសអាមេរិកបានថ្កោលទោសយ៉ាងខ្លាំងដល់ការបាញ់សាកល្បងមីស៊ីលខាងលើ ហើយអាមេរិកនឹងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតរាល់សកម្មភាពប្រែប្រួលពាក់ព័ន្ធនិងកម្មវិធីអាវុធរបស់កូរ៉េខាងជើង។
តាំងពីដើមឆ្នាំ២០១៦ នេះមក កូរ៉េខាងជើងបានបាញ់មីស៊ីល៤លើកមកហើយនៅប្រភេទមីស៊ីល Musudan ហើយការបាញ់ទាំង៤លើកសុទ្ធតែបរាជ័យ រួមជាមួយការបាញ់លើកនេះទៀតគឺបរាជ័យទាំង៥លើកមកហើយ។
កូរ៉េខាងជើងបានធ្វើផ្គរធ្វើភ្លៀងដាក់សហគមន៍អន្តរជាតិច្រើនណាស់ បន្ទាប់ពីបានប្រកាសពីការសាកល្បងនុយក្លេអ៊ែរ និងបាញ់សាកល្បងគ្រាប់មីស៊ីលចម្ងាយជិត និងមធ្យមប្រកបដោយជោគជ័យមក ឥឡូវនេះរបបក្រុងព្យុងយ៉ាងបានប្រកាសឲ្យដឹងពីការសាកល្បងប្រកបដោយជោគជ័យនូវម៉ាស៊ីនថ្មីមួយសម្រាប់បំពាក់ឲ្យគ្រាប់មីស៊ីលអន្តរទ្វីប។ មនុស្សខ្លាំងកូរ៉េខាងជើង គីម ជុនអ៊ុន ដែលបានចូលរួមត្រួតពិនិត្យការសាកល្បងផ្ទាល់បានថ្លែងថា ម៉ាស៊ីនថ្មីនោះនឹងអាចបាញ់បញ្ជូនគ្រាប់មីស៊ីលអន្តរទ្វីបបំពាក់ដោយក្បាលនុយក្លេអ៊ែររហូតទៅដល់ទឹកដីអាមរិកាំង និងទឹកដីរបស់បច្ចាមិត្តផ្សេងទៀត។
ទង្វើថ្មីរបស់ក្រុង ព្យុងយ៉ាង ពេលនេះនឹងរឹតតែធ្វើឲ្យស្ថានការណ៍នៅក្នុងឧបទ្វីបកូរ៉េ ដែលកំពុងតានតឹងស្រាប់កាន់តែឡើងកម្តៅមួយកម្រិតថែមទៀត។ គ្រាន់តែនៅប៉ុន្មានខែដើមឆ្នាំ២០១៦ នេះ របបក្រុងព្យុងយ៉ាងបានធ្វើការសាកល្បងនុយក្លេអ៊ែរ និងបាញ់គ្រាប់មីស៊ីលជាច្រើនដង ហើយជាទូទៅគឺតែងតែទទួលបានការថ្កោលទោស និងដាក់ទណ្ឌកម្មពីប្រទេសបស្ចិមលោកក៏ដូចពីសហគមន៍អន្តរជាតិ។ ថ្មីៗនេះទៀត ចិនដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលេចរបស់កូរ៉េខាងជើងក៏បានចាត់វិធានការទណ្ឌកម្មពាណិជ្ជកម្មលើក្រុងព្យុងយ៉ាងដែរ។ តែបញ្ហានៅត្រង់ថា កូរ៉េខាងជើងហាក់មិនឈឺក្បាលសោះឡើយ៕
ប្រែសម្រួល៖ សាធី