ខេត្តកោះកុង៖ កាលពីរសៀលថ្ងៃ ទី២២ ខែមិថុនា ឆ្នាំ២០១៦ ឆ្នាំ២០១៦ ប្រជាពលរដ្ឋចំនួន៣៥គ្រួសារបាននាំគ្នាតវ៉ាឲ្យអាជ្ញាធមូលដ្ឋានចាត់វិធានការ
ប្រជាពលរដ្ឋបានលើកឡើងថា បុគ្គល ដែលចាក់ដីលុបព្រែកខាងលើត្រូវបានគេស្គាល់ថាឈ្មោះ ហឹម លីឡា មានតួនាទីជាប៉ូលីលព្រហ្មទណ្ឌនៃអធិការស្រុកស្រែអំបិល និងត្រូវជាប្អូនថ្លៃរបស់លោក ម៉េង តិច ប្រធានការិយាល័យបរិស្ថានស្រុកស្រែអំបិល និងជាអនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុងផងដែរ ។ ប្រភពដដែលនោះ ថា ការចាក់ដីលុបព្រែកដែលជាសម្បត្តិ សាធារណៈរបស់រដ្ឋ ជាអំពើបំពានទៅលើផ្លូវច្បាប់ទាំងស្រុងដែលកន្លងមក ត្រូវបាន អ្នកមានលុយ និងមានអំណាចបំពានជាច្រើនកន្លែងហើយ ដោយមើលរំលងពី សំណាក់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ជំនាញ ។ ជាក់ស្តែងលោក ហឹម លីឡា បានចាក់ដីលុបព្រែកទាំងស្រុងហើយអាជ្ញាធរ និងមន្ត្រីជំនាញ ដូចជាគ្មានសកម្មភាព និង អើពើអ្វីទាល់តែសោះ។
ប្រជាពលរដ្ឋបានបន្ថែមថា ព្រែកខាង លើជាព្រែកធម្មជាតិដែលមានតាំងពីបុរាណមក ហើយប្រជាពលរដ្ឋបង្កបង្កើតផល នេសាទបន្តិចបន្ទួចនៅទីនោះ ម្យ៉ាងវិញទៀតក៏ជាផ្លូវចេញចូលសម្រាប់ដឹកជញ្ជូនស្រូវ និងជាប្រព័ន្ធផ្លូវបង្ហូរទឹក ដើម្បីការពារបញ្ជៀសទឹកជំនន់ផងដែរ។ ប៉ុន្តែពេលនេះ ត្រូវបានលោក ហឹម លីឡា ធ្វើការចាក់ដីលុបទាំងស្រុងបាត់ទៅហើយ អាចធ្វើឲ្យទឹកជនលិចស្រែស្រូវរបស់ពួកគាត់ជាមិន ខាន ។ ជាមួយគ្នានោះប្រជាពលរដ្ឋបាន សំណូមពរឲ្យអាជ្ញាធរ និងមន្ត្រីជំនាញមេត្តាជួយរកដំណោះស្រាយជូនពួកគាត់ផង ។
ជុំវិញបញ្ហាខាងលើ លោក ផាត់ សុនលី មេឃុំស្រែអំបិលបានថ្លែងថា ក្រោយពីទទួល បានព័ត៌មានពីប្រជាពលរដ្ឋមានការចាក់ដីយ៉ាងអាណាធិបតេយ្យចូលព្រែក ដែលជា ដីសម្បតិសាធារណៈរបស់រដ្ឋក្នុងនាមជាមេឃុំ លោកបានឲ្យក្រុមការងារចុះទៅពិនិត្យ រួចហើយ ឃើញថាមានការចាក់ដីលុបព្រែកសារធារណៈរបស់រដ្ឋពិតប្រាកដមែន ។ ដោយមានប្រជាពលរដ្ឋតវ៉ាលោកនឹងកាយដីចេញ និងស្តាព្រែកនេះឡើងវិញ ដើម្បី ឲ្យព្រែកនេះវិលមកជាសម្បតិ្តសាធារណៈ របស់រដ្ឋវិញ ម្យ៉ាងវិញទៀត គឺទុកជាជម្រក មច្ឆាជាតិ និងជាប្រយោជន៍ដល់សត្វពាហនៈសម្រាប់ទុកជាផ្លូវសំរាប់ដឹកជញ្ជូនផលស្រូវផងដែរ ។
លោកបានបន្តការចាក់ដីលុបព្រែកខាងលើ គឺពុំមានច្បាប់អនុញ្ញាតិនោះឡើយ ក្រោយពីចុះទៅពិនិត្យរួច លោកបានបញ្ឈប់ គ្រឿងចក្រទាំងនោះ និងធ្វើការសម្រប សម្រួលជាមួយក្រុមប្រជាពលរដ្ឋ ដើម្បី ជៀសវៀងការប្រើអំពើហឹង្សាណាមួយ ហើយលោកក៏បានធ្វើលិខិតកោះហៅ បុគ្គលដែលអះអាងថា ខ្លួនជាម្ចាស់ដី ព្រែកខាងលើរួមទាំងម្ចាស់គ្រឿងចក្រផងដែរ ឲ្យចូលខ្លួនមកដោះស្រាយ ។
ចំណែកលោក ម៉េង តិច ដែលជាប្រធានការិយាល័យបរិស្ថានស្រុកស្រែអំបិល និងជាអនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង យើងព្យាយាមសុំការបំភ្លឺដែរ តែទូរស័ព្ទ របស់លោកបានបិទការហៅចូល ៕
ដោយ៖ ហេង សូរិយា