ភ្នំពេញ៖ ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥ នៅសាលាសង្កាត់ពងទឹក បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋក្នុងភូមិចំនួន០៨ រួមមានភូមិវត្តស្លែង, ពងទឹក, ត្រពាំងគរ, ត្រពាំងទា, ស្រែញរ៍, ឃ្លះសណ្តាយ, ព្រៃកីខ, និងភូមិព្រៃកីគក្នុងសង្កាត់ពងទឹក ក្រោមអធិបតីភាព លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
លោក ប៊ិន ស៊ូឈី អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ បានលើកឡើងថា ក្នុងរយៈពេលនៃការកំណត់តំបន់វិនិច្ឆ័យ ការបញ្ចូលទិន្នន័យ ការបិទផ្សាយជាសាធារណៈ និងការបោះពុម្ភប័ណ្ណកម្មសិទ្ធិ មកដល់ថ្ងៃនេះ កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី រាជធានីភ្នំពេញ បានធ្វើការសម្រេចផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ភូមិវត្តស្លែង, ពងទឹក, ត្រពាំងគរ, ត្រពាំងទា, ស្រែញរ៍, ឃ្លះសណ្តាយ, ព្រៃកីខ, និងភូមិព្រៃកីគ ក្នុងសង្កាត់ពងទឹក នៅថ្ងៃនេះ មានចំនួន ៣.៣៦៩ប័ណ្ណ។
លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានធ្វើការអបអរសារទ និងថ្លែងអំណរគុណ ចំពោះក្រុមការងារអនុវិស័យរដ្ឋបាលដីធ្លី មន្ត្រីរាជការសង្កាត់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានសហការគ្នាក្នុងការកសាង និងចុះបញ្ជីកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋក្នុងភូមិចំនួន ០៨ក្នុងសង្កាត់ពងទឹក ហើយឈានដល់ការធ្វើពិធីចែកប័ណ្ណសម្គាល់ម្ចាស់អចលនៈវត្ថុ ឬប័ណ្ណកម្មសិទ្ធិ នាថ្ងៃនេះ។
លោកអភិបាលក៏បានលើកឡើងអំពីការយកចិត្តទុកដាក់របស់ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ចំពោះតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងការប្រើប្រាស់សិទ្ធិកាន់កាប់ដីធ្លីរបស់ខ្លួន តាមរយៈការចេញប័ណ្ណកម្មសិទ្ធិជូនបងប្អូនដែលជាកម្មសិទ្ធិករដើម្បីប្រើប្រាស់ជាផ្លូវការស្របតាមច្បាប់។
លោកអភិបាលខណ្ឌបានបន្តលើកឡើងអំពីសារៈសំខាន់ នៃការប្រើប្រាស់ប័ណ្ណកម្មសិទ្ធិនេះ ដែលបញ្ជាក់អំពីភាពស្របច្បាប់នៃការកាន់កាប់ដីធ្លី ងាយស្រួលក្នុងការស្នើសុំលិខិតអនុញ្ញាតសាងសង់ ការដាក់បន្ទុកដើម្បីខ្ចីប្រាក់ពីធនាគារជាដើម។
ជាពិសេសសូមបងប្អូនប្រជាពលរដ្ឋថែរក្សាប័ណ្ណនេះឲ្យបានត្រឹមត្រូវចៀងវាងការធ្វេសប្រហែសបណ្តាលឲ្យបាត់បង់ ឬខូចខាតដែលអាចនឹងបង្កឲ្យមានផលលំបាកក្នុងការគ្រប់គ្រងដីធ្លីរបស់បងប្អូន ៕ ភារ៉ា ដង្កោ