ក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋម្នាក់ ក៏ដូចជាមនុស្សដទៃទៀត ដែលធ្លាប់រស់នៅម្តុំផ្សារឌុយម៉ិច ក្នុងខណ្ឌ៧មករា
ក្នុងនាមប្រជាពលរដ្ឋ ខ្ញុំបាទ ដែលតាមដានព័ត៌មានរឿងនេះឃើញថា បន្ទាប់ពីសារព័ត៌មានចុះផ្សាយករណីដីសួនច្បារ រួម របស់រដ្ឋ ត្រូវគេសង់សំណង់រឹងមាំនោះ អាជ្ញាធរ និងស្ថាប័នជំនាញហាក់ដូចជារស់ត្រគាកមួយដង្ហើមចង្រឹត ហើយក៏ស្ងាត់ទៅវិញ ។ រីឯសកម្មភាពនៃការសាងសង់ ក៏ចេះតែដំណើរការ ដោយរលូនទៅ ។ បែបនេះ គេហៅថា «ឆ្កែចេះតែព្រុះ មនុស្សចេះតែដើរ» ។ មានន័យថា អាជ្ញាធរ និងស្ថាប័នជំនាញមិនខ្វល់អំពល់នឹងសេចក្តីព្រួយបារម្ភ របស់ប្រជាពលរដ្ឋម្តុំផ្សារឌុយម៉ិចនោះឡើយ ។
រឿងនេះវាកើតឡើងនៅម្តុំផ្សារឌុយម៉ិចពិតមែន ប៉ុន្តែវាឆ្លុះបញ្ចាំងអំពីឆន្ទៈរបស់អាជ្ញាធរ និងស្ថាប័នមានសមត្ថកិច្ច ដែលមានភារកិច្ចបម្រើប្រជាពលរដ្ឋ ។ ប្រសិនបើសួនច្បារនេះត្រូវបានលក់ ក៏គួរតែអាជ្ញាធរមានសមត្ថកិច្ចប្រកាសប្រាប់ប្រជាពលរដ្ឋឲ្យបានច្បាស់ ពោលគឺមិនត្រូវស្ងៀមឈឹងយ៉ាងនេះទេ ។ ប្រការដែលស្ងៀមឈឹងនេះ ជាការមើលស្រាលទឹកចិត្តប្រជាពលរដ្ឋម្តុំផ្សារឌុយម៉ិចនេះខ្លាំងណាស់ ។ ខ្ញុំបាទជាប្រជាពលរដ្ឋ នៅតំបន់នេះ ក៏ដូចប្រជាពលរដ្ឋ ទូទាំងរាជធានីភ្នំពេញ រំពឹងថា លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងក៏ជាអតីតអភិបាលរាជធានីភ្នំពេញផងនោះ នឹងចាត់វិធានការចំពោះសំណង់ខុសច្បាប់នេះជាមិនខានឡើយ ៕
ដោយ៖ ប្រជាពលរដ្ឋម្នាក់