សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣បានផ្សាយថា ពលរដ្ឋអូស្ត្រាលី២នាក់ដែលត្រូវបានតុលាការក្នុងប្រទេសវៀតណាមផ្តន្ទាទោសប្រហារជីវិត ទទួលបានការលើកលែងទោស បន្ទាប់ពីនាយករដ្ឋមន្ត្រី អូស្ត្រាលី លោក Anthony Albanese បំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសក្នុងអាស៊ីអាគ្នេយ៍មួយនេះ កាលពីចុងសប្ដាហ៍កន្លងទៅ។
ថ្លែងប្រាប់ទូរទស្សន៍ ABC កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ លោក Anthony Albanese បានឱ្យដឹងដូច្នេះថា «ខ្ញុំបានធ្វើការតវ៉ាទៅកាន់នាយករដ្ឋមន្ត្រីវៀតណាម កាលពីព្រឹកថ្ងៃម្សិលមិញ (ថ្ងៃអាទិត្យ) ហើយនៅរសៀលថ្ងៃដដែល លោកប្រធានាធិបតី (វៀតណាម) បានចុះហត្ថលេខាលើបទបញ្ជាលើកលែងទោស»។ លោក Albanese បន្ថែមថាអូស្ត្រាលីស្វាគមន៍យ៉ាងខ្លាំងចំពោះការសម្រេចចិត្តនេះ និងពិតជាអរគុណដល់វៀតណាម។ ប៉ុន្តែនាយករដ្ឋមន្ត្រីអូស្ត្រាលីរូបនេះមិនបានបញ្ជាក់ពីអត្តសញ្ញាណពលរដ្ឋអូស្ត្រាលីទាំង២នាក់ដែលទទួលបានការលើកលែងទោសនោះទេ ដោយសារពួកគេស្នើឱ្យលាក់ឯកជនភាព ខណៈដែលគ្រួសាររបស់ពួកគេត្រូវបានជូន ដំណឹងពីការសម្រេចចិត្តនេះហើយ។
លោក Anthony Albanese កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ បានបំពេញទស្សនកិច្ច ទៅកាន់ប្រទេសវៀតណាមជាទីដែលលោកបានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ព្រមទាំងបានចុះហត្ថលេខាលើកញ្ចប់ជំនួយ ៦៩.៤លានដុល្លារ ដើម្បីជួយវៀតណាមបញ្ឈប់ការប្រើប្រាស់ធ្យូងថ្មសម្រាប់វិស័យសេដ្ឋកិច្ចរបស់ខ្លួន៕ ដោយធីរីណា
រូបថត : VGP