ភ្នំពេញ : សូមអបអរសាទរនិងសូមជូនពរចំពោះឧត្ដមសេនីយ៍ទោ កែ ឡេង ដែលបានវះកាត់ជំងឺឈាមកកក្នុងខួរក្បាលនៅមន្ទីរពេទ្យព្រះកេតុមាលាប្រកបដោយជោគជ័យ។ នេះជាប្រសាសន៍របស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣។
សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ ជាតិបានបញ្ជាក់ថា ឧត្ដមសេនីយ៍ទោ កែ ឡេង គឺជាវីរកីឡាការិនីប៉េតង់ឆ្នើមរបស់កម្ពុជា០១រូប ដណ្តើមបានមេដាយមាសពិភពលោក៤ជំនាន់ជាប់ៗគ្នានៅលើវិញ្ញាសាវាយពិន្ទុកាលពីឆ្នាំ២០១៣-២០១៥-២០១៧-២០១៩ ដែលជាកំណត់ត្រាពិភពលោកមិនទាន់មានកីឡាការិនីអន្តរជាតិណាម្នាក់ធ្វើបានឡើយ។
សម្តេចពិជ័យសេនាបានអរគុណចំពោះក្រុមគ្រូពេទ្យមន្ទីរពេទ្យព្រះកេតុមាលា ដែលជួយសង្គ្រោះឧត្ដមសេនីយ៍ទោ កែ ឡេង ឱ្យរួចផុតពីគ្រោះថ្នាក់។
សូមបញ្ជាក់ថា កាលពីម្សិលមិញថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ លោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញសួរសុខទុក្ខ លោកស្រី កែ ឡេង ដែលកំពុងសម្រាកទទួលការព្យាបាលការវះកាត់ខួរក្បាលនៅមន្ទីរពេទ្យព្រះកេតុមាលា លោកបណ្ឌិតសភាចារ្យ សូមជូនពរដល់លោកស្រី កែ ឡេង ម្ចាស់មេដាយមាសប៉េតង់ពិភពលោក ៤ជំនាន់ ទទួលជោគជ័យក្នុងការវះកាត់ និងឆាប់ជាសះស្បើយពីជំងឺ ៕ ដោយ : សិលា