ប្រទេសចិន៖ ការផលិតកម្មមីជូរហឹរ ទីក្រុងលីវចូវ ខេត្តក្វាងស៊ី ត្រូវបានចាត់ទុកថា បានចូលរួមចំណែកកែប្រែជីវភាពប្រជាពលរដ្ឋនៅតាមតំបន់ជនបទ ឱ្យកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្រ និងបង្កើនជីវភាពរបស់ប្រជាពលរដ្ឋនៅជនបទរបស់រដ្ឋាភិបាលចិន។ មិនតែប៉ុណ្ណោះទីក្រុងលីវចូវមួយនេះ ក៏ត្រូវបានចាត់ទុកជាមជ្ឈមណ្ឌលផលិតរថយន្ត ដ៏ល្បីល្បាញ នៅក្នុងប្រទេសចិនផងដែរ។
ជាក់ស្ដែងក្នុងដំណើរទស្សនកិច្ចរបស់ប្រតិភូអ្នកសារព័ត៌មានកម្ពុជា ១៤រូប បានធ្វើទស្សនកិច្ចទៅកាន់រោងចក្រផលិតមីជូរហឹររបស់ក្រុមហ៊ុន Guangxi Luobawang Technology Co., Ltd. ដែលជាក្រុមហ៊ុនផលិត និងចែកចាយមីជូរហឹរធំជាងគេមួយ ក្នុងចំណោមក្រុមហ៊ុនផ្សេងទៀត នៅក្នុងទីក្រុងលីវចូវ កាលពីថ្ងៃទី១៧ ខែមិថុនាថ្មីៗនេះ។
បើតាមការបញ្ជាក់ពីលោក Chen Bo អគ្គនាយករងនៃក្រុមហ៊ុន Guangxi Luobawang Technology Co., Ltd. បានថ្លែងថា ក្រុមហ៊ុនខ្លួនបានបើកដំណើរការរយៈពេល ៨ឆ្នាំហើយ ដោយការផ្តោតសំខាន់លើការផលិត និងកែច្នៃ មីជូរហឹរ។ បច្ចុប្បន្ន ផលិតផលមីជូរហឹររបស់ក្រុមហ៊ុននេះ មាន៥រសជាតិ គឺរសជាតិដើម, មានរសជាតិប៉េងប៉ោះ, រសជាតិឆ្អឹងស៊ុប, រសជាតិថែមហឹរ និងរសជាតិថែម(ក្អិន)ស្អុយ។ បច្ចុប្បន្នក្រុមហ៊ុននេះ កំពុងផ្តល់ការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋ ប្រមាណ៣ម៉ឺននាក់ តាមរយៈការធ្វើកិច្ចសន្យាទទួលទិញផលិផលកសិផលដែលជាវត្ថុធាតុដើមក្នុងការផលិតមីជូរហឹរនេះ។
លោក Chen Bo បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ដោយសាររោងចក្រទិញវត្ថុធាតុដើមពីប្រជាកសិករ។ តាំងពីពេលរោងចក្របង្កើតដំបូង ក៏មានការបារម្ភដែរពីប្រជាកសិករដែរ។ ពួកគាត់ខ្លាចថារោងចក្រមិនទទួលទិញផលិតផលរបស់ពួកគាត់។ ប៉ុន្តែវិធីសាស្ត្ររបស់រោងចក្រ គឺផ្តល់លុយទៅកសិករសិន ហើយកាត់កងលុយវិញ នៅពេលកសិករលក់កសិផលមកឱ្យរោងចក្រនៅពេលដាំដុះបាន»។
អគ្គនាយករងរូបនេះ បានបញ្ជាក់បន្ថែមថា ក្នុងមួយឆ្នាំទៅមួយឆ្នាំ បរិមាណផលិតមីរបស់ក្រុមហ៊ុន គឺកើនឡើង២ខ្ទង់ ខណៈបរិមាណផលិតក្នុងឆ្នាំ២០២២ គឺមានចំនួន ១០០លានកញ្ចប់។ នៅក្នុងឆ្នាំ២០២៣នេះ លោកក៏នៅមានសុទិដ្ឋិនិយមចំពោះកំណើនផលិតកម្ម នៅក្នុងក្រុមហ៊ុនរបស់ខ្លួនផងដែរ ដោយសារប្រជាប្រិយភាព និងការនិយមចូលចិត្តរបស់អតិថិជន ទាំងក្រុងប្រទេសចិន និងក្រៅប្រទេស។
បន្ថែមពីនេះ លោកអគ្គនាយករង បានបញ្ជាក់ទៀតថា ក្រៅពីលក់នៅប្រទេសចិន យីហោមីជូរហឹររបស់ក្រុមហ៊ុន Guangxi Luobawang Technology Co., Ltd. ក៏ត្រូវបានចែកចាយនៅក្រៅប្រទេសដែរ ដូចជា ទីផ្សារអាម៉េរិក ទីផ្សារនៅតំបន់អាស៊ី សិង្ហបុរី ម៉ាឡេស៊ី។ ប្រទេសកម្ពុជា ក៏មានវត្តមានមីជូរហឹររបស់ក្រុមហ៊ុននេះដែរ។ «បច្ចុប្បន្ន តាមរយៈឈ្មួញចែកចាយ ផលិតផលមីជូរហឹរត្រូវបាននាំចូលទៅប្រទេសកម្ពុជាហើយ ដោយសារតែតំបន់នេះនៅជិតនឹងប្រទេសកម្ពុជា។ លោករំពឹងថា ផលិតផលមីជូរហឹរ នឹងទទួលបានការគាំទ្រកាន់តែច្រើនថែមទៀតពីប្រជាជនកម្ពុជា។ ដូច្នេះការដឹកជញ្ជូនមានភាពងាយស្រួលផងដែរ។ ហើយតាមរយៈបុគ្គលិកទីផ្សាររបស់ក្រុមហ៊ុន ដោយសារតែរសជាតិរបស់ប្រជាពលរដ្ឋតំបន់លីវចូវ និងរសជាតិនៅកម្ពុជា ស្រដៀងគ្នា។ ដូច្នេះនៅកម្ពុជាក៏លក់ដាច់ដែរ ហើយរសជាតិដែលដាច់ជាងគេ គឺ(មីជូរហឹរ)រសជាតិដើម»៕ដោយ៖ស តារា