ខេត្តស្វាយរៀងៈ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង មានរៀបចំអបអរសាទរទិវារកំណើតបក្សប្រជាជនកម្ពុជាលើកទី៦៥ឆ្នាំ ថ្ងៃទី២៨មិថុនា ១៩៥១-២០១៦ ក្រោមអធិបតីលោក ហុង វិណុល អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុករមាសហែក និងជាប្រធានក្រុមការងារឃុំដូង និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមការងារចុះជួយឃុំ-ភូមិ ជំនួយការ ព្រមទាំងសមាជិក សមាជិកាចូលរួមប្រមាណជិត២០០នាក់។
លោក នាង សាមាន ប្រធានស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំដូងបានឡើងអាននូវ សុន្ទរកថាសម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាជា ដែលជាសារផ្ញើរទៅកាន់សមាជិកសមាជិកាក្នុងអង្គពិធីក៏ដូចជាប្រជាជនក្នុងនិងក្រៅប្រទេស។
លោក ប្រន សិរីវុធ ជំនួយការចុះជួយពង្រឹងមូលដ្ឋានឃុំដូង បានឡើងអានសេចក្តីសម្រេចស្តីពី ការរៀបចំកែសម្រួលសមាសភាពក្រុមការងារ ចុះជួយពង្រឹងមូលដ្ឋានភូមិ-ឃុំ-ក្នុងស្រុករមាសហែក ដែលចុះហត្ថលេខាដោយ លោក សៅ សុខា ប្រធានក្រុមការងារគណៈកម្មាធិការកណ្តាល ចុះជួយស្រុករមាសហែក។
លោក ហុង វិណុល អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុករមាសហែក និងជាប្រធានក្រុមការងារឃុំដូង បានមានប្រសាសន៍ថាៈ យើងនាំគ្នាប្រារព្ធពិធីនេះឡើង គឺក្នុងស្មារតីគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះយុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិគ្រប់ជំនាន់ ដែលបានតស៊ូយ៉ាងប្តូរផ្តាច់ ហ៊ានលះបង់សាច់ឈាម និងអាយុជីវិត ប្រកបដោយវីរភាពដ៏ខ្ពង់ខ្ពង់បំផុត ដើម្បីបុព្វហេតុនៃប្រទេសកម្ពុជា ទទួលបាន ឯករាជ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម ជាពិសេសដើម្បីជាតិ និងប្រជាជន ដែលធ្វើឲ្យយើងមានអ្វីគ្រប់យ៉ាងនៅថ្ងៃនេះ ។ ក្នុងរយៈពេល ៦៥ ឆ្នាំកន្លងមកនេះ បក្សប្រជាជនកម្ពុជា បានឆ្លងកាត់ការលំបាក និងមានបញ្ហាស្មុគ្រស្មាញជាច្រើនអនេកយ៉ាងណាក្តី ក៏គណបក្សប្រជាជនកម្ពុជាបានស្ថិតនៅរួមសុខ រួមទុក្ខជាមួយប្រជាជនជានិច្ច និងបានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីផលប្រយោជន៍ជាតិ និងប្រជាជននៅគ្រប់ដំណាក់កាល ហើយបានធ្វើអោយប្រជាជនកម្ពុជាមានអ្វីគ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះ។
លោកប្រធានក្រុមការងារចុះជួយឃុំដូងបានបន្តថាៈ ជាមោទនភាពបំផុតក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានធ្វើអោយប្រទេសជាតិមានស្ថេរភាព សន្តិភាពពេញលេញ ប្រកបដោយការអភិវឌ្ឍន៍លើគ្រប់វិស័យ ដូចជានៅមូលដ្ឋានភូមិ-ឃុំដូង ស្រុករមាសហែករបស់យើងនាពេលនេះគឺត្រូវបានកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ សម្រួលដល់ការធ្វើចរាចរណ៍ និងជាមធ្យោបាយសម្រួលដល់ប្រជាពលរដ្ឋយើងនាំយកនូវកសិផលដំណាំយកទៅកាន់ទីផ្សារបានយ៉ាងស្រួលទាន់ពេលវេលា៕
ដោយ៖ សុខ ខេមរា