កោះកុង : ឪពុកចុងឈាមខ្មៅអប្រិយចិត្តជាសត្វតិរិច្ឆានល្មោភកាមតណ្ហា ជាប់សង្ស័យថាបានចាប់រំលោភកូនប្តីដើមតាំងពីខេត្តកំពង់ចាមរហូតដល់ខេត្តកោះកុង រហូតដល់ម្តាយក្មេងស្រីទ្រាំលែងបានក៏បង្ខំចិត្តប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួននៅវេលាម៉ោង១០យប់ថ្ងៃទី២៥ខែមិថុនាឆ្នាំ២០១៦ ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ការចុះឃាត់ខ្លួនជនសង្ស័យនិងរំដោះក្មេងស្រីដែលឪពុកចុងឃាំងក្នុងបន្ទប់ប្រុងចាប់រំលោភទៀតនោះបានធ្វើឡើងក្រោមការដឹកនាំពីលោក មីន រស្មី អធិការរងនគរបាលក្រុងខេមរភូមិន្ទរួមទាំងមន្រ្តីក្រោមឱវាទ។
លោក មីន រស្មី អធិការរងនគរបាលក្រុងបានឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះភ្លាមនោះ លោកក៏បានចាត់កម្លាំងចុះជួយក្មេងស្រីរងគ្រោះឲ្យរួចផុតពីក្នុងបន្ទប់ដោយសុវត្ថិភាព ហើយធ្វើការឃាត់ខ្លួនជនសង្ស័យជាឪពុកចុងបានភ្លាមៗដែរ។
លោក មីន រស្មី បានឲ្យដឹងថា ជនសង្ស័យជាឪពុកចុងជាជនល្មោភកាមមានឈ្មោះ ឡោ សារាយ អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅ ភូមិគោកព្រីង ស្រុកចំការលើ ខេត្តកំពង់ចាម មានមុខរបរលក់ការ៉េម។
ម្តាយក្មេងស្រីរងគ្រោះឈ្មោះ គ្រឿង វាសនា អាយុ៣៥ឆ្នាំ ។ ចំណែក ក្មេងស្រីរងគ្រោះ ឈ្មោះ យ.ឧ.ស អាយុ១៥ឆ្នាំ មានមុខរបរលក់ស្រាបៀរនៅក្លឹបកំសាន្តអិុចស្តារ។ លោកបានបន្តថាក្រោយពីធ្វើការសាកសួរឪពុកជាជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានប្រព្រឹត្តមែនតាំងពីក្រុមគ្រួសាររស់នៅខេត្តកំពង់ចាមរហូតដល់ខេត្តកោះកុង។ ក្មេងស្រីរងគ្រោះបានប្រាប់សមត្ថកិច្ចថា ឪពុកចុងនាងបានចាប់នាងរំលោភតាំងពីអាយុ១៤ឆ្នាំមកម្លេះតាំងពីខេត្តកំពង់ចាមរហូតដល់មករស់នៅខេត្តកោះកុងហើយទង្វើដ៏អាក្រក់របស់ឪពុកចុងគឺរាប់ភ្លេចហើយឲ្យតែម្តាយមិននៅផ្ទះ ហើយគំរាមបើបែកការអាករសម្លាប់ទាំងម្តាយនិងកូនទើបនាងលាក់ម្តាយរហូតខ្លាចឪពុកចុងសម្លាប់ម្តាយនិងខ្លួន ដល់មានផ្ទៃពោះ១ខែទើបបែកការហើយទ្រាំលែងបានអំពើឃោឃៅទើបប្រាប់ម្តាយ។ ហើយនៅយប់ថ្ងៃទី២៥ខែមិថុនានេះឪពុកចុងបានចាប់នាងឲ្យចូលបន្ទប់ហើយដេញឲ្យម្តាយទៅទិញកាតទូរស័ព្ទប្រុងចាប់រំលោភទៀតតែម្តាយដឹងសកម្មភាពមុនបានទៅប្តឹងសមត្ថកិច្ចតែម្តង។
ចំពោះករណីខាងលើសមត្ថកិច្ចកំពុងកសាងសំណំុរឿងបញ្ជូនខ្លួនជនសង្ស័យទៅស្នងការខេត្តដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕
ដោយ សុខ ខេមរា