ខេត្តស្វាយរៀង៖ នារីម្នាក់សប្បាយលង់ខ្លួនខូចអនាគតដោយសារប្រើប្រាស់ថ្នាំញៀនហួស កំរិតក្លាយទៅជាមនុស្សសតិមិនល្អ ហើយត្រូវសាច់ញាតិដាក់ច្រវ៉ាក់ជើង រស់នៅផ្ទាល់ដី ស្ថិតនៅភូមិខ្នុរខាងជើង ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ។ នេះបើតាមការបញ្ជាក់ពី អាជ្ញាធរនៅព្រឹកថ្ងៃទី២៥ ខែមិថុនានេះ ឆ្នាំ២០១៦ម្សិលមិញ។
មានពលរដ្ឋជាច្រើននៅឃុំស្វាយអង្គបានប្រាប់ថា ស្ត្រីដែលប្រើប្រាស់ថ្នាំញៀន ហើយក្លាយទៅជាមនុស្សសតិមិនល្អ មានឈ្មោះឃួន ស៊ីនឿន អាយុជាង២០ឆ្នាំ ។ នាងមាន ឪពុកវ័យចំណាស់ឈ្មោះ ឃួន យ៉េត អាយុ៧១ឆ្នាំ ប្រពន្ធស្លាប់កាលពី ៣ឆ្នាំមុន មានកូន៧នាក់ បានរៀបការចេញទៅ រស់នៅឆ្ងាយអស់ដោយទុកអោយ តាយ៉េតមើលថែរក្សា កូនស្រីមានសតិមិនល្អ(ឆ្កួត) និងចៅប្រុសម្នាក់ដែលជាកូនរបស់ស្រ្តីឆ្កួតនោះថែមទៀត ។ ពលរដ្ឋបានបញ្ជាក់ បន្ថែមទៀតថា នាង ឃួន ស៊ីនឿន ជារៀងរាល់ថ្ងៃដេកផ្ទាល់ដី សក់ក្បាលកន្ទ្រើង មិនដែលងូតទឹក ការហូបចុកក៏ពិបាក ព្រោះស្ត្រីនេះ កាចណាស់បើប្រលែង ដោះអោយដើរ និងទាញប្រនុង កាំបិតដេញវាយគេទើប សំរេចចិត្តចាប់ដាក់ច្រវ៉ាក់បែបនេះទៅ ។
ពលរដ្នបានបន្តទៀតថា នាងស៊ីនឿន ធ្លាក់ខ្លួនបែបនេះ ដោយសារទៅរកស៊ី នៅឯទីក្រុងឆ្ងាយ ពីផ្ទះចោលឪពុកម្តាយចាស់ៗ ពេលត្រលប់មក ស្រុកកំណើតវិញ ស្រាប់តែនាំ មកនូវសារធាតុញៀន មកជាមួយនិងកូនប្រុសម្នាក់ ធ្វើឪពុកកាន់តែពិបាក ណាមួយខ្លួនចាស់ជរា ណាមួយត្រូវមើលចៅ និងមើលកូនឆ្កួតទៀត ទុក្ខប៉ុនភ្នំធ្លាក់លើគាត់ជា ឪពុកទួលរែកយ៉ាងលំបាកវេទនារកទីបំផុតគ្មាន។
លោកតា ឃួន យ៉េត ដែលកាន់តែជរាទៅហើយនោះ សូមធ្វើការអំពាវនាវរក សប្បុរសជនពិសេស សម្តេចតេជា ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចទាំងពីរ តែងតែជួយដល់ អ្នកក្រីក្រទុរគត គ្មានទីពឹងជាដើម ហើយគ្រួសារតាយ៉េត កំពុងជួបនូវទុក្ខលំបាក ខ្លាំងណាស់ទាំងជីវភាព រកព្រឹកខ្វះល្ងាច ត្រូវមើលថែចៅ និងកូនឆ្កួតទៀត ។ លោកតាយ៉េត ក៏បានអំពាវនាវដល់ បណ្តាអង្គការដែលទទួល យកជនបន្សាបគ្រឿងញៀន សូមជួយយកកូនស្រីគាត់ ទៅមណ្ឌលអប់រំ កែប្រែផង ៕
ដោយ សហការី