«លោក ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសឥណ្ឌូនេស៊ី»

ចែករំលែក៖

ភ្នំពេញ : នៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២៣ ក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអោយដឹងថា : តបតាមការអញ្ជើញរបស់លោកស្រី រ៉េតណូ ម៉ារស៊ូ រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋឥណ្ឌូនេស៊ី លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៦ និងកិច្ចប្រជុំ ពាក់ព័ន្ធ ក្រោមមូលបទ “សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ១១ ដល់ទី ១៤ ខែកក្កដា ឆ្នាំ២០២៣ នៅរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី។

ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ រដ្ឋមន្ត្រី ការបរទេសអាស៊ាន និងអគ្គលេខាធិការអាស៊ាន នឹងអញ្ជើញចូលជួបសម្ដែងការគួរសមជាមួយ លោក ចូកូ វីដូដូ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ព្រមទាំងធ្វើជាសាក្សីនៃការចុះហត្ថលេខា លើលិខិតុបករណ៍នៃការចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ អាស៊ីអាគ្នេយ៍ (TAC) ដោយប្រទេសមួយចំនួន។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងពិភាក្សារិះរកអភិក្រម និងមធ្យោបាយប្រកបដោយនវានុវត្តន៍ ដើម្បីជំរុញបន្ថែមទៀត នូវដំណើរការកសាងសហគមន៍អាស៊ាន ព្រមទាំងជំរុញឱ្យមានឯកភាព និងសាមគ្គីភាពអាស៊ានកាន់តែខ្លាំងឡើង តាមរយៈសកម្មភាពជាក់ស្ដែង នានា។ កិច្ចពិភាក្សានេះក៏នឹងគ្របដណ្ដប់លើការរក្សាតួនាទីដ៏សំខាន់របស់អាស៊ាន ជាកាតាលីករ សម្រាប់កំណើនសកលប្រកបដោយចីរភាព និងផ្តោតលើបញ្ហាតំបន់និងអន្តរជាតិ ដែលជាផល ប្រយោជន៍ និងក្តីបារម្ភរួមផងដែរ។

កិច្ចប្រជុំនេះ ផ្តល់កាលានុវត្តភាពក្នុងការពង្រឹងបន្ថែមទៀតនូវមជ្ឈភាពអាស៊ាន និងបង្កើន ទំនាក់ទំនងខាងក្រៅរបស់អាស៊ាន ជាមួយដៃគូសន្ទនាអាស៊ានទាំងអស់ ព្រមទាំងភាគីខាងក ផ្សេងទៀត ដើម្បីធានាថា អាស៊ាននៅតែរក្សាបាននូវភាពពាក់ព័ន្ធដ៏សំខាន់ ជា “ស្នូលនៃកំណើន សកល ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print