ក្រុងប៉ោយប៉ែត៖ រថយន្តតាក់ស៊ីជាច្រើនគ្រឿង បាននិងកំពុងធ្វើដំណើរ ចេញពីក្រុងប៉ោយប៉ែត លើកំណាត់ផ្លូវជាតិលេខ៥ ឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យ ដើម្បីជាការទាមទារ ប្រឆាំងទៅនឹងក្រុមគយ ដែលបានគៀបសង្កត់ និងបង្ខំពួកគាត់ឲ្យបង់ប្រាក់ ។
សកម្មភាពបែបនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក រហូតមកដល់ម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ ក្រុមអ្នករត់តាក់ស៊ីទាំងនោះបានបន្តបើករថយន្ត ឆ្ពោះទៅកាន់ក្រុងសេរីសោភ័ណ ដោយលើកបដាជាមួយនឹងស្លាកសញ្ញាសត្វព្រាប ដាក់ថា បណ្តាញតាក់ស៊ីសន្តិភាព រួមគ្នាប្រឆាំងអំពើពុករលួយ ។ ក្នុងនោះពួកគាត់បានអះអាង ប្រាប់ក្រុមអ្នកកាសែតថា មន្ត្រីគយបានបង្ខំឲ្យពួកគាត់បង់ប្រាក់ក្នុង១រថយន្តពី២ម៉ឺនរៀលទៅ៤ម៉ឺនរៀល និងតម្រូវឲ្យបង់ប្រចាំខែ ក្នុងមួយខែពី១០០ដុល្លារទៅ២០០ដុល្លារ ដូច្នេះពួកគាត់ សំណូមពរឲ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ លុបបំបាត់អំពើពុករលួយទាំងនេះ ។
គួររំលឹកថា កន្លងទៅមន្ត្រីគយខេត្តបន្ទាយមានជ័យ បានប្រើអំពើហិង្សាទៅលើអ្នករត់តាក់ស៊ី បណ្តាលឲ្យមានការភ្ញាក់ផ្អើល និងរិះគន់យ៉ាងខ្លាំងពីប្រជាពលរដ្ឋ ក្នុងក្របខណ្ឌស្ទើរទូទាំងប្រទេស ៕
ដោយ៖ សុខ ខេមរា