ភ្នំពេញ៖ ភ្លៀងលាយលំនឹងខ្យល់កន្ត្រាក់កាលពីវេលាម៉ោង២និង៥០នាទីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ បណ្ដាលឲ្យប៉ាណូផ្សាយពាណិជ្ជកម្មជាច្រើនបានដួលរលំ ជាមួយនឹងដើមឈើ បង្គោលភ្លើង រហូតបង្កឲ្យអ្នកដំណើរ២នាក់រងរបួស ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថចុះជួយអន្តរាគមន៍។
សមត្ថកិច្ចឲ្យដឹងថា ករណីរលំប៉ាណូ និងបង្កឲ្យអ្នកដំណើររងរបួសបានកើតឡើងនៅចំណុចមុខប៉ុស្តិ៍ចតុមុខ ស្ថិតក្នុងភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។ ជនរងគ្រោះក្នុងហេតុការណ៍នេះមានឈ្មោះ កុល លក្ខិណា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាចុងភៅ នៅកោះពេជ្រ ស្នាក់នៅផ្ទះជួលជាមួយនៅម្ដុំសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និងម្នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ត្រូវបានបញ្ជូញយកទៅព្យាបាលនៅមណ្ឌលសុខភាពខណ្ឌដូនពេញ។
សមត្ថកិច្ចបានបញ្ជាក់ថា ដើមឈើយ៉ាងតិចចំនួន៣ដើមត្រូវបានរលំនិងបាក់នៅម្ដុំវត្តភ្នំ និងមែកឈើមួយចំនួនទៀតបាក់នៅតាមកំណាត់ផ្លូវសហព័ន្ធរុស្ស៊ី ។ ដោយឡែកនៅសង្កាត់ចតុមុខ មានករណី ដួលរលំបគ្គោលភ្លើង ប៉ាណូពាណិជ្ជកម្មមកលើម៉ូតូ និងអ្នកដំណើរ គ្រាន់តែភ្លៀងមិនបានមួយម៉ោងផងនោះ៕
ដោយ៖ ស ដារ៉ា