ជីវិតមិនអាចលក់ដូរតាមដងផ្លូវបាននោះទេ​ ដូច្នេះសូមប្រុងប្រយ័ត្ន.! បុរសម្នាក់បោកក្បាលស្លាប់មួយរំពេច​ ខណៈជិះម៉ូតូលឿនជ្រុលទៅបុករបាំងថ្មពុះចែកផ្លូវ២៧១

ចែករំលែក៖

​ ភ្នំពេញ​ ៖​ អ្នកបេីកបរតាមដងផ្លូវគួរតែប្រុងប្រយ័ត្នឱ្យខ្លាំងបំផុត​ ជាពិសេសចេះគោរពច្បាប់ចរាចរណ៍ឱ្យបានផ្ចាប់ផ្ចួន​ដេីម្បីកុំឱ្យមានវិប្បដិសារីដល់ខ្លួនឯង​ និងអ្នកដ៏ទៃនៅថ្ងៃក្រោយ​។ ជាក់ស្ដែងមានបុរសម្នាក់បានជិះម៉ូតូឌ្រីមមួយគ្រឿងក្នុងល្បឿនលឿនបានរេចង្កូតទៅបុករបាំងថ្មពុះចែកផ្លូវចំពាក់កណ្តាលយ៉ាងពេញទំហឹងបណ្ដាលឱ្យដួលបោកក្បាលស្លាប់មួយរំពេច​ កាលពីវេលាម៉ោង៣និង០០នាទីទៀបភ្លឺឈានចូលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ត្រង់ចំណុចខាងជេីងជាប់គល់ស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។

​ បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុគេឃើញបុរសម្នាក់ជាជនរងគ្រោះ​ បានជិះម៉ូតូម៉ាកហុងដាឌ្រីម​ ពណ៌ខ្មៅ​ ស៊េរីឆ្នាំ២០១១មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 1AX-5235​ ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវចំពាក់កណ្តាលយ៉ាងពេញទំហឹងបណ្តាលឱ្យជនរងគ្រោះដួលបោកក្បាលផ្ទប់នៅហ្នឹងផ្លូវស្លាប់ភ្លាមៗគួរឱ្យរន្ធត់​។
​ ជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ​ ខណៈក្រោយពេលកេីតហេតុ​ ប្រជាពលរដ្ឋជិតខាងក៏ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកទីតាំងកើតហេតុ​ ដោយសមត្ថកិច្ចមូលដ្ឋានទទួលបានព័ត៌មាននេះភ្លាម​ ក៏បានដាក់កម្លាំងចុះមកដល់​សហការជាមួយមន្ត្រីជំនាញ​ធ្វេីការវាស់វែងយកម៉ូតូទៅរក្សារទុកនៅប៉ុស្ដិ៍រដ្ឋបាលស្ទឹងមានជ័យទី១ជាបណ្ដោះអាសន្ន​ ។ រីឯសពជនរងគ្រោះ​ សមត្ថកិច្ចមូលដ្ឋានបានធ្វើកំណត់ហេតុប្រគល់ទៅឱ្យក្រុមរថយន្តសាមុយដឹកយកទៅតម្កល់ទៅវត្ត​ទឹកថ្លា​ ដេីម្បីស្វែងរកសាច់ញាតិឱ្យមកទទួល​ និងធ្វេីបុណ្យតាមប្រពៃណី​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print