ភ្នំពេញ ៖ នៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យនាយឧត្តមសេនីយ៍ Thitichai Tiantong នាយសេនាធិការចម្រុះកងទ័ពភូមិន្ទថៃ និងប្រតិភូចូលជួបសម្តែងការគួរសម នៅអគ្គបញ្ជាការដ្ឋាន។
ក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ជូនពីសភាពការណ៍មួយចំនួននៅកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី កម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយល្អប្រសើរ និងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។
នាយឧត្តមសេនីយ៍បញ្ជាក់ថា ក្នុងពេលកម្ពុជាជួបប្រទះជំងឺកូវីដ-១៩ សម្ដេចតេជោ បានដាក់ចេញនូវគោលនយោបាយទាន់ពេលវេលា និងមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ធ្វើឱ្យកម្ពុជាអាចរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និង កិច្ចប្រជុំពាក់ព័ន្ធនានានៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២២ និងការរៀបចំប្រកួតកីឡាស៊ីហ្គេម កីឡាប៉ារ៉ាហ្គេមទទួលបានជោគជ័យ ដោយបានការកោតសរសើរ និងគាំទ្រពីបណ្តាប្រទេសជាមិត្តលើពិភពលោក។
នាយឧត្តមសេនីយ៍បន្តថា ថ្មីៗកន្លងមកនេះ កម្ពុជាបានរៀបចំដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ប្រកបដោយជោគជ័យ ដោយមានការចូលរួមបោះឆ្នោតរបស់ប្រជាពលរដ្ឋយ៉ាងច្រើន ៨៤,៥៨ភាគរយ មានអ្នកសង្កេតការណ៍មកពី ៦៥ ប្រទេស ប្រកបដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងការទទួលយកលទ្ធផលពីគ្រប់គណបក្ស។
ពាក់ព័ន្ធដល់កិច្ចសហប្រតិបត្តិការ នាយឧត្តមសេនីយ៍អគ្គបញ្ជាការ បានលើកឡើងពីទំនាក់ទំនងល្អ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលប្រទេសទាំងពីរ ធ្វើឱ្យស្ថានការណ៍នយោបាយ សេដ្ឋកិច្ច និងវិស័យការពារជាតិ មានភាពល្អប្រសើរ ដែលជាគោលដៅចង់បានរបស់សម្តេចតេជោ ក្នុងការប្រែក្លាយព្រំដែនជាមួយប្រទេសជិតខាងជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
សម្រាប់វិស័យកងទ័ព នាយឧត្តមសេនីយ៍ បានគូសរំលេចពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិករល្អរវាងកងទ័ពប្រទេសទាំងពីរ ដូចជាការផ្លាស់ប្ដូរព័ត៌មាន កិច្ចសហប្រតិបត្តិការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការផ្លាស់ប្ដូរទស្សនកិច្ច ការជួយបណ្ដុះបណ្ដាលធនធានមនុស្ស និងការជួយឧបត្ថម្ភសម្ភារៈផ្សេងៗ ដើម្បីពង្រឹងវិស័យសន្តិសុខរវាងប្រទេសទាំងពីរ ក៏ដូចជាក្នុងតំបន់។
ជាកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ Thitichai Tiantong បានសម្ដែងការអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះជោគជ័យទាំងឡាយដែលព្រះរាជាណាចក្រកម្ពុជាសម្រេចបាន ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន ជាពិសេស ជោគជ័យថ្មីៗនេះ នៅក្នុងដំណើរការរៀបចំបោះឆ្នោតសកលជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧។
នាយឧត្តមសេនីយ៍ Thitichai Tiantong ក៏បានបង្ហាញនូវឆន្ទៈក្នុងការបន្តថែរក្សាទំនាក់ទំនងមិត្តភាពរឹងមាំ និងសកម្មភាពកិច្ចសហប្រតិបត្តិការល្អ សំដៅធ្វើយ៉ាងណាបន្តថែរក្សាចំណងសាមគ្គីភាព មិត្តភាព ការទុកចិត្តគ្នា និងការសហការគ្នាឱ្យបានស្អិតរមួតបន្ថែមទៀត៕
ដោយ : សិលា