ភ្នំពេញ៖ ប្រធានសន្តិសុខនៅប្រចាំផ្សារសុរិយាម៉លម្នាក់ ត្រូវបានមន្ត្រីកងអង្គរក្សនៅកងអន្តរាគមន៍៥១១ ដកកាំភ្លើងគំរាមបាញ់លើ ជនរងគ្រោះម្នាក់ត្រូវជាមេរបស់ខ្លួន ក្រោយឈ្លោះពាក្យសម្តីជាមួយគ្នាបង្កឲ្យភ្ញាក់ផ្អើល ដោយកម្លាំងអាវុធហត្ថខណ្ឌដូនពេញ ចុះមកឃាត់ខ្លួនភ្លាមៗ និងដកហូតកាំភ្លើងខ្លី១ដើមជាក់ស្តែង ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចក្នុងផ្សារសុរិយាម៉ល សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។
តាមប្រភពព័ត៍មានពីមន្រ្តីកងរាជអាវុធហត្ថខណ្ឌដូនពេញ បានឲ្យដឹងថា ជនដៃដល់ដែលប្រើកាំភ្លើងគំរាមបាញ់នោះឈ្មោះ ស៊ុំ វ៉េង អាយុ៤៣ឆ្នាំ ជាមន្រ្តីយោធា និងជាសន្តិសុខផ្សារសូរិយាម៉ល ប្រចាំការយាមវេនថ្ងៃ ។ រីឯជនរងគ្រោះឈ្មោះ អិុន ពៅ (ហៅអឹមវ័ន) ភេទប្រុស អាយុ៣៧ឆ្នាំ មានមុខរបរជាប្រធានសន្តិសុខផ្សារ សុរិយាម៉លវេនយប់ ស្នាក់នៅផ្ទះលេខ៦២៨ ភូមិអរិយក្សត្យ ឃុំអរិយក្សត្យ ស្រុកល្វាឯម ខេត្តកណ្តាល ។
មន្រ្តីអាវុធហត្ថខណ្ឌដូនពេញ បានបន្តទៀតថា នៅ យប់កើតហេតុ ជនត្រូវសង្ស័យជាមន្ត្រីយោធាបានដើរចូល ទៅក្នុងការិយាល័យផ្សារសូរិយាម៉លក្នុងស្ថានភាពស្រវឹងជោគជាំជាមួយនិងបក្ខពួក៣នាក់ទៀត ខណៈនោះជនរងគ្រោះ ដែលជាប្រធានសន្តិសុខផ្សារសូរិយាម៉លយាមវេនយប់ បានសួរនាំទៅកាន់ជនត្រូវសង្ស័យថា ហេតុអ្វី បានជានាំអ្នកខាងក្រៅចូលមកក្នុងការិយាល័យដោយគ្មានការអនុញ្ញាតពីរូបគេទៅវិញ។ ភ្លាមនោះក៏បានប្រទាក់ពាក្យសំដីគ្នាទៅវិញទៅមក បណ្ដាលឲ្យមន្ត្រីយោធាស្រវឹងទាំងកំរោល បានដកកាំភ្លើងខ្លីម៉ាកK៥៤ពីចង្កេះអាម៉េបញ្ចូលគ្រាប់គំរាមបាញ់ទៅ លើជនរងគ្រោះ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់កម្លាំងកងរាជអាវុធហត្ថមូលដ្ឋានខណ្ឌដូនពេញចុះទៅអន្តរាគមន៍ និងឃាត់ខ្លួនជនដៃដល់ភ្លាមៗតែម្ដង ។
ក្រោយប្រតិបត្តិការនោះកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ ចាប់យកវត្ថុតាំងមានកាំភ្លើងខ្លី១ដើមម៉ាកK៥៤ លេខ៣៤២៨ រួមជាមួយគ្រាប់ចំនួន៧គ្រាប់ ។
បច្ចុប្បន្នជនដៃល់រួមនិងវត្ថុតាង ត្រូវបានកម្លាំងអាវុធហត្ថ បញ្ចូនមកទីបញ្ជាការដ្ឋានកងរាជអាវុធខណ្ឌដូនពេញ បញ្ចូនខ្លួនបន្តទៅកាន់ការិយាល័យព្រហ្មទណ្ឌនៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕
ដោយ៖ ស ដារ៉ា