កណ្តាល៖ បុរសម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញស្លាប់នៅក្នុងទឹកស្រះខាងក្រោយផ្ទះរបស់ខ្លួនបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចមូលដ្ឋាន ពេលចុះទៅសមត្ថកិច្ចអះអាងថា ជនរងគ្រោះស្លាប់ដោយលង់ទឹកមិនមានពាក់ព័ន្ធបទល្មើសផ្សេងឡើយ ។
ករណីភ្ញាក់ផ្អើលឃើញមានមនុស្សស្លាប់នៅក្នុងស្រះទឹកនេះបានកើតឡើងនៅវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ នៅស្រះទឹកមួយកន្លែង ស្ថិតក្នុងភូមិទួលដូង ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
លោកវ៉េង កុសល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ ស្រូយ សុខុម ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជាងផ្សាដែក មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ។
មុនពេលស្លាប់អ្នកភូមិបានឃើញជនរងគ្រោះដើរទៅងូតទឹកស្រះនៅខាងក្រោះផ្ទះរបស់ខ្លួននៅប្រហែលជាវេលាម៉ោង៤រសៀលថ្ងៃកើតហេតុ ។ ពេលចុះទៅក្នុងស្រះមិនឃើញជនរងគ្រោះងើបចេញពីក្នុងទឹកឡើយកន្លះម៉ោងក្រោយមកអ្នកភូមិបានទៅប្រាប់ក្រុមគ្រួសារ គ្រានោះក្រុមគ្រួសារបាននាំគ្នាចុះទៅក្នុងស្រះទឹករាវរកឃើញជនរងគ្រោះលង់ទឹកស្លាប់បាត់ទៅហើយ ។
លោកនាយប៉ុស្តិ៍បានបន្តថា បន្ទាប់ពីទទួលបានព័ត៍មានសមត្ថកិច្ចជំនាញរួមជាមួយគ្រូពេទ្យ អាជ្ញាធរមូលដ្ឋាន ចុះទៅធ្វើកោសល្យវិច្ឆ័យ ពិនិត្យឃើញថាជនរងគ្រោះស្លាប់ដោយសារលង់ទឹកមិនមានពាក់ព័ន្ធករណីផ្សេងនោះឡើយ ហើយក្រុមគ្រួសារក៍ទទួលស្គាល់ដែរ ៕
ដោយ៖ សណ្តោស