កប៉ាល់ដឹកជនភៀសខ្លួនបានលិចនៅកណ្តាលសមុទ្រមេឌីទែរ៉ាណេ ស្លាប់៤១នាក់

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃពុធ ទី០៩ ខែសីហា ឆ្នាំ២០២៣បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មាន ANSA បានរាយការណ៍នៅថ្ងៃពុធសប្តាហ៍នេះ ដោយដកស្រង់គណនីរបស់អ្នករស់រានមានជីវិតដែលទើបតែមកដល់កោះ Lampedusa របស់អុីតាលីថា ជនចំណាកស្រុកចំនួន៤១នាក់បានស្លាប់នៅក្នុងការលិចកប៉ាល់កាលពីសប្តាហ៍មុន នៅកណ្តាលសមុទ្រមេឌីទែរ៉ាណេ។ ទីភ្នាក់ងារ ANSA បាននិយាយថា មនុស្ស០៤នាក់ដែលបានរួចរស់ជីវិតពីការលិចកប៉ាល់បានប្រាប់អ្នកជួយសង្គ្រោះថា ពួកគេនៅលើទូកដែលផ្ទុកមនុស្ស៤៥នាក់ ក្នុងនោះមានកុមារបីនាក់ផងដែរ។ អ្នកនៅរស់រានមានជីវិតទាំងនោះបានឱ្យដឹងថា ទូកដែលគេជិះបានចេញដំណើរកាលពីព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍កន្លងទៅ ដោយចេញពីទីក្រុង Sfax ប្រទេសទុយនីស៊ី ប៉ុន្តែបានក្រឡាប់ហើយលិចនៅប៉ុន្មានម៉ោងក្រោយមក។ ពួកគេបាននិយាយទៀតថា ពួកគេត្រូវបានជួយសង្គ្រោះដោយកប៉ាល់ដឹកទំនិញមួយ ហើយបន្ទាប់មកបានផ្ទេរទៅកាន់កប៉ាល់ឆ្មាំឆ្នេរសមុទ្រអុីតាលី។ អាជ្ញាធរទុយនីស៊ីបាននិយាយកាលពីថ្ងៃចន្ទថា ពួកគេបានរកឃើញសាកសពចំនួន១១នាក់ពីការលិចកប៉ាល់ដឹកជនចំណាកស្រុកមួយនៅជិតទីក្រុង Sfax កាលពីថ្ងៃអាទិត្យ ខណៈដែលជនចំណាកស្រុកចំនួន ៤៤នាក់ផ្សេងទៀតនៅបន្តបាត់ខ្លួននៅឡើយ។ ប្រទេសអុីតាលីបានទទួលជនចំណាកស្រុកដែលមកដល់តាមសមុទ្រប្រហែល ៩៣,៧០០នាក់ រហូតមកដល់ពេលនេះ ធៀបនឹង ៤៤,៧០០នាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ នេះបើយោងតាមតួលេខចុងក្រោយរបស់ក្រសួងមហាផ្ទៃ ដែលបានធ្វើបច្ចុប្បន្នភាពកាលពីថ្ងៃចន្ទសប្តាហ៍នេះ៕

...

ដោយធីរីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print