ស្នងការខេត្តកំពង់ស្ពឺដកបញ្ឈរជើងអធិការរងនគរបាលស្រុកគងពិសីរឿងគំរាមវាយខ្នោះតៃកុងរថយន្ត

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ លោកវរសេនីយ៍ទោខែម ភារិទ្ធ អធិការរងនគរបាលស្រុកគងពិសី ទទួលបន្ទុកផែនចរាចរណ៍ត្រូវបានថ្នាក់លើដកយកមកបញ្ឈរជើងនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺហើយ ដោយឲ្យអនុវត្តវិន័យកង កម្លាំង តែគេមិនដឹងថា ការដកនេះអាចដកចេញពីតំណែងឬគ្រាន់តែអនុវត្តវិន័យនោះឡើយ ព្រោះបើតាមកំហុសរបស់លោកធ្វើឲ្យថ្នាក់លើឈឺក្បាលមិនតិចនោះទេ គឺច្រើនលើកច្រើនសារមកហើយ។

បើយោងតាមប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថា លោកខែម ភារិទ្ធ អធិការរងនគរបាលស្រុកគងពិសី បានប្រព្រឹត្តកំហុសឆ្គងក្នុងរឿងគ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងនៅស្រុកគងពិសី ព្រោះតែលោកបានគំរាមវាយខ្នោះភាគីតៃកុងរថយន្តនិងបង្ខំឲ្យភាគីរថយន្តបង់លុយទៅឱ្យ ភាគីម៉ូតូទាំងដែលភាគីម៉ូតូជាអ្នកជិះបំពានក្នុងស្ថានភាពស្រវឹងទៅបុករថយន្តដែលមកបញ្ច្រាសទិសគ្នាក្នុងគន្លងផ្លូវរបស់រថយន្ត។

ប្រភពព័ត៌មានដដែលបានបន្តថាភាគីម្ចាស់រថយន្តត្រូវបង្ខំចិត្តបង់លុយទៅឲ្យភាគីម៉ូតូទាំងចិត្តមិនចង់ ព្រោះតែលោកខែម ភារិទ្ធ ដែលជាអ្នកចូលដោះស្រាយបានគំរាមវាយខ្នោះនិងចាប់បញ្ជូនទៅតុលាការបើភាគីរថយន្តមិន ព្រមបង់លុយទៅឲ្យភាគីម៉ូតូនោះទេ។ ក្នុងនោះដែរភាគីរថយន្តត្រូវបានគេដឹងថាបានបង់លុយចំនួន ២២០០ ដុល្លារអាមេរិកទៅឲ្យភាគីម៉ូតូ ដើម្បីបានយករថយន្តនិងឆាប់បានចេញពីនគរបាលប៉ុស្តិ៍រដ្ឋបាលព្រះនិព្វាន។

ដោយទ្រាំនឹងការមាក់ងាយពីសំណាក់លោកខែម ភារឹទ្ឋ ពុំបាន ភាគីរថយន្តបានសុំអន្តរាគមន៍ទៅថ្នាក់ដឹកនាំខេត្តក៏ដូចជា លោកស្នងការនគរបាលទើបលោកស្នង ការចារ ឲ្យមានការស្រាវជ្រាវសារជាថ្មីឡើងវិញ ដើម្បីបញ្ជាក់ថា តើភាគីណាខុសភាគីណាត្រូវ ហើយហេតុអ្វី បានជាលោកខែមភារិទ្ឋ ធ្វើការអត្តនោម័តបង្ខំឲ្យភាគីរថយន្តបង់លុយទៅឲ្យភាគីម៉ូតូ។ ព្រោះតែការធ្វើការដោយអត្តនោមត័នេះហើយ បានធ្វើឲ្យថ្នាក់ដឹកនាំឈឺ ក្បាលបន្តិចនោះទេ ព្រោះតែទង្វើរបស់លោកខែម ភារិទ្ធអធិការរងទទួលផែនចរាចរណ៍រូបនេះ។

ប្រភពបន្តថា ក្រោយពេលចូលខ្លួនទៅត្រូវបានថ្នាក់លើសម្រេចដកបញ្ឈរជើងឲ្យអនុវត្តវិន័យកងកម្លាំងតែម្ដង។ដោយឡែកប្រភពពីមន្ត្រីនគរបាលខេត្តក៏បានបញ្ជាក់ផងដែរថាលោកវវសេនីយ៍ទោខែមរិទ្ធត្រូវបានថ្នាក់លើសម្រេចបញ្ឈរជើងពិតមែនហើយ។

ពាក់ព័ន្ធករណីនេះលោកឧត្តមសេនីយ៍ទោ សម សាមួនស្នងការនគរបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ប្រាប់តាមប្រព័ន្ធតេឡេក្រាមថាលោកខែម ភារិទ្ធ ពិតជាត្រូវបានដកយកមកបញ្ឈរជើងឲ្យអនុវត្តវិន័យនៅក្នុងការដ្ឋាននគរបាលខេត្តពិតមែន។ ពាក់ព័ន្ធនឹងការដកលោកខែម ភារិទ្ធ យកមកបញ្ឈរជើងនេះដែរត្រូវបានមន្ត្រីមួយចំនួនសាទរនិងខ្លះទៀតមិនសាទរនោះទេ ដោយបានលើក ឡើងថា ករណីនេះមិនមានអ្វីធំដុំនោះទេមិនគួរណាលោកយកទៅបញ្ឈរជើងបែបនេះឡើយ។

រីឯរឿងដែលធំដុំគឺរឿងរបស់លោកអនុសេនីយ៍ឯកសមហេង នាយប៉ុស្តិ៍ជង្រុកឯណោះទេ ដែលបានស្ពាយអាវុធអាការឆ្លងចូលទៅទឹកដីខាងខេត្តតាកែវហើយគំរាមរកបាញ់គេ។ ប៉ុន្តែលោកសម ហេង ហាក់បីដូចជាមានយីអ៊ុនបានរងនូវការអនុវត្តវិន័យបានមួយចំអិនកំពឹសហើយក៏ត្រឡប់ទៅធ្វើជានាយប៉ុស្តិ៍វិញដដែល។

សូមរំលឹកថា ពាក់ព័ន្ធករណីនេះដែរ លោក ខែម ភារិទ្ធបានឱ្យអ្នកយកព័ត៌មានយើងដឹងតាមទូរស័ព្ទថា លោកមិនបានគំរាមកំហែងភាគីរថយន្តឡើយ ក្នុងនាមលោកនគរបាលជំនាញគ្រាន់តែសម្របសម្រួលតែប៉ុណ្ណោះ។

...

សូមរំលឹកផងដែរថា ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកនិងម៉ូតូ នៅចំណុចផ្លូវលេខ១៣០ ទល់មុខស្ថានីយ៍ប្រេងឈ្មោះរស់ សំបុក នៅភូមិព្រៃខ្លាឃុំព្រះនិព្វាន ស្រុក គងពិសី ខេត្តកំពង់ស្ពី ថ្ងៃសុក្រ១០រោច ខែទុតិយាសាឍ ឆ្នាំថោះបញ្ចស័កព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែ សីហា ឆ្នាំ២០២៣ វេលាម៉ោង១៨.៥០នាទី ឈ្មោះ យាប់ សៅវឌី ភេទប្រុស អាយុ៤១ឆ្នាំ ផ្ទះ៥៨៣ ផ្លូវ៣៧១ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌស្ទឹងមានជ័យ ក្រុង ភ្នំពេញ បានបើករថយន្តម៉ាកប៉ាជីរ៉ូសេរីឆ្នាំ១៩៩២ពណ៌ ទឹកប្រាក់លាយខៀវពាក់ស្លាកលេខភ្នំពេញ ២y.៧២៥៤ បើកបរពីទិសខាងកើតទៅទិសខាងលិច។ ដល់ចំណុចកើតហេតុខាងលើបានបុកជាមួយម៉ូតូម៉ាកវ៉េវសេរីឆ្នាំ ២០១៦ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ ១fw.៦៣៣៥ ឈ្មោះ ណាំ នីត ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិសាយ៉ាវ ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលបើកបរពីទិសខាងលិចទៅទិសខាងកើត (បញ្ជ្រាសទិសគ្នា)។ករណីខាងលើបណ្ដាលអោយខូចខាតសម្ភារះ និង របួសមនុស្ស១ម្នាក់,រថយន្តខូចខាតតិចតួចនិងម៉ូតូ១គ្រឿងខូចខាតស្រាល៕ដោយ៖សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print