ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្ត ក្នុងល្បឿនលឿនបានជ្រុលចង្កូតទៅបុករថយន្ត១គ្រឿង ដែលចតលើចិញ្ចើមផ្លូវ ពីក្រោយពេញទំហឹង បណ្តាលអោយរងការខូចខាតរថយន្តទាំង២។ ក្រោយបង្កហេតុ ក្រុមអ្នកសារព័ត៌មាន បានចុះទៅផ្តិតយករូបភាពនោះ ត្រូវបុរសរូបនោះ បានស្រែកជេរប្រមាថ មកលើអ្នកសារព័ត៌មាន និងស្ទុះមករកវាយថែមទៀតផង។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង៣០នាទី យប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវទន្លេសាប ក្បែរសណ្ឋាគារសុខា មុខភោជនីយដ្ឋាន ចំប៉ីស ស្ថិតក្នុងសង្កាត់-ខណ្ឌជ្រោយចង្វា។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា បុរសអ្នកបើករថយន្តបង្កខាងលើមាន ឈ្មោះ ឈាង ផេងអឿន ត្រូវបានគេស្គាល់ថាជាមន្ត្រីយោធា នៅកងពលតូចលេខ៧០ នៃវរៈសេនាតូចលេខ២ ឋានន្តរស័ក្តិ អនុសេនីយ៍ឯក អត្តលេខ ០៣១៣៤២ ។
ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញចរាច បានចុះមកអន្តរាគមន៍ និងវាស់វែង យករថយន្តទាំង២ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរផ្លូវគោករងចាំដោះស្រាយគ្នា ជាក្រោយ៕
ដោយ៖ ជ្រោយពេជ្រ