លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាសនៅខណ្ឌពោធិ៍សែនជ័យ

ចែករំលែក៖

ភ្នំពេញ៖ លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីថ្មី អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨.០០០នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៣ ដែលមានមូលដ្ឋាននៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។

រោងចក្រ សហគ្រាសទាំង១៣នេះ ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន១០, ផលិតផលិតផលធ្វើដំណើរ និងកាបូប, ដេរស្បែកជើង និងរោងចក្រផ្សេង។

នាឱកាសនោះ​ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កម្មករ និយោជិត ដែលឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជួប​សំណេះសំណាលមានចំនួន ១៨,០១៣នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៣ ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យចំនួន១២ និងខណ្ឌកំបូលចំនួន១។ ក្នុងនោះស្ត្រីមានផ្ទៃពោះ មានចំនួន៨៤៤នាក់។

ក្នុងវិស័យឧស្សាហកម្មផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផល​ធ្វើ​ដំណើរ​ និងកាបូប ជាវិស័យមួយដែលបានស្រូបទាញកម្លាំងពលកម្មយ៉ាងច្រើន នៅក្នុងប្រទេស​កម្ពុជា​។ រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិចាស់ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើវិស័យនេះ ជាពិសេសសុខទុក្ខរបស់កម្មករ និយោជិត ដែល​​ជា​ប្រតិបត្តិករ​ដ៏សកម្មនោះ។

ក្នុងអាណត្តិទី៥ និងទី៦ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះជួបកម្មករ និយោជិតចំនួន​ពីរ​ជុំ។ ជុំទី១ ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ ដោយជួប​កម្មករ និយោជិតចំនួន ៧៧លើក មានកម្មករ និយោជិតចូលរួមសរុបប្រមាណ ១លាននាក់។ ជុំទីពីរ សម្តេចតេជោ បានចាប់ផ្តើមជួបកម្មករ និយោជិតចាប់ពីថ្ងៃទី២២ ខែឧសភា ដល់ថ្ងៃ​ទី៣០ ខែមិថុនា ឆ្នាំ២០២៣ មានចំនួន ១៩លើក មានកម្មករ និយោជិតចូលរួមជិត ៣៤ម៉ឺន​នាក់។ ក្នុងជំនួបទាំងពីរជុំនេះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញអនុសាសន៍ជាច្រើន សុទ្ធសឹងជាការផ្តល់ និងធានាការពារនូវអត្ថប្រយោជន៍របស់កម្មករ និយោជិត។

សម្រាប់នីតិកាលថ្មីនៃរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ាណែត នៅតែផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើវិស័យឧស្សាហកម្មផ្នែកវាយ​ន​ភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផល​ធ្វើ​ដំណើរ​ និងកាបូប។

ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលប្រកាសដោយឯកឧត្តមកិត្តិទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ាណែត ក្នុងសម័យប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងនាថ្ងៃទី២៤ ខែសីហា ឆ្នាំ​២០​២៣ ក៏បានដាក់ចេញគោលដៅយុទ្ធសាស្ត្របង្កើតការងារឱ្យបានកាន់តែច្រើន ទាំងបរិមាណ និងគុណភាព ជូនដល់ប្រជាជនកម្ពុជា ជាពិសេសសម្រាប់យុវជនផងដែរ។

បន្ថែមពីលើនោះ ក្នុងមុំយុទ្ធសាស្ត្របញ្ចកោណទី៣ រាជរដ្ឋាភិបាល ក៏បានបង្ហាញពីការយកចិត្ត​ទុក​ដាក់​លើ​ការ​​អភិវឌ្ឍវិស័យឯកជន និងការងារ។ ក្នុងមុំទី៣ នៃយុទ្ធសាស្ត្របញ្ចកោណនេះ រាជ​រដ្ឋាភិបាល បន្តផ្តោតលើកិច្ចការអាទិភាពចំនួន៥ រួមមាន៖

១៖ ការអភិវឌ្ឍទីផ្សារការងារ ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការជំរុញការអភិវឌ្ឍ​ទីផ្សារ​​​ការងារ តាមរយៈការបង្កើត, ការរក្សា និងការបង្កើនការងារដល់កម្មករ-និយោជិត, ទាំង​ក្នុង​ប្រព័ន្ធ និងក្រៅប្រព័ន្ធ, សំដៅបង្កើនប្រាក់ចំណូល, ទ្រទ្រង់ជីវភាពសមរម្យ និងកាត់បន្ថយ​ភាព​ក្រីក្ររបស់ប្រជាជន។

២៖ ការលើកស្ទួយសហគ្រាសធុនមីក្រូ តូច និងមធ្យម, ធុរកិច្ចថ្មី, សហគ្រិនភាព និងការអភិ​វឌ្ឍ​សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបន្តជំរុញការអភិវឌ្ឍបរិយា​កាស​​អំណោយផល ដល់សហគ្រាសធុនមីក្រូ តូច និង មធ្យម និងធុរកិច្ចថ្មី ឱ្យរីកលូតលាស់, ធន់​នឹងវិបត្តិ និងមាននវានុវត្តន៍ ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការបង្កើតការងារ ព្រម​ទាំងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្លងអន្តរកាលចូលទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ។

៣៖ ការពង្រឹងភាពជាដៃគូ វិស័យសាធារណៈ និងវិស័យឯកជន ដែលមានគោលដៅយុ​ទ្ធ​សា​ស្ត្រ ផ្តោតលើការបន្តពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលជាយន្តការមិនអាចខ្វះ​បាន និង​មានប្រសិទ្ធភាព ក្នុងការគាំទ្រពិពិធកម្ម និងកំណើន, និងការបន្តពង្រឹងការគ្រប់គ្រង​ហានិ​ភ័យ​នៃ​កាតព្វកិច្ចបំណុលជាយថាហេតុ ចំពោះការអនុវត្តគម្រោងការវិនិយោគសាធារណៈ ក្រោម​យន្ត​ការភាពជាដៃគូរវាងរដ្ឋ និងឯកជន។

៤៖ ការពង្រឹងការប្រកួតប្រជែង ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើ ការបន្តជំរុញការ​ប្រកួត​ប្រជែងស្មើភាព តាមរយៈការបន្តបង្កើតបរិយាកាសធ្វើធុរកិច្ចដោយស្មើភាព, គ្មានការ​រើស​អើង, តាមនីតិវិធីដោយយុត្តិធម៌ និងស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» សំដៅ​រួម​ចំណែកដល់ការបង្កើតមុខទំនិញ និងសេវាកម្មថ្មីៗ និងការបង្កើនផលិតភាព និងប្រសិទ្ធ​ភាព​សេដ្ឋកិច្ចកម្ពុជា។

៥៖ ការពង្រឹងប្រព័ន្ធធនាគារ និងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដែលមានគោលដៅយុទ្ធ​សាស្ត្រ​ផ្តោតលើការបន្តពង្រឹងប្រព័ន្ធធនាគារ និងវិស័យហិរញ្ញវត្ថុមិនមែន ធនាគារ ឱ្យកាន់តែ​មាន​ស័ក្តិសិទ្ធភាព, ភាពធន់នឹងវិបត្តិ, បរិយាប័ន្ន, ពិពិធភាព និងភាពទំនើប តាមរយៈការបន្ត​អភិវឌ្ឍ​ក្របខ័ណ្ឌគតិយុត្ត, ជំរុញភាពស៊ីជម្រៅហិរញ្ញវត្ថុ, ពង្រឹងសមត្ថភាព ស្ថាប័ន និង អក្ខរកម្ម​ហិរញ្ញ​វត្ថុ, និង លើកស្ទួយឌីជីថលភាវូបនីយកម្ម ក្នុងវិស័យហិរញ្ញវត្ថុ។

...

តាមរយៈការចាប់យកកិច្ចសំណេះសំណាលជាមួយកម្មករ និយោជិតក្នុងវេទិកាមហាជនជាលើក​ដំបូងក្នុងរបៀបវារៈការងាររបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត គឺជាការស្តែង​ឱ្យឃើញថា រាជរដ្ឋាភិបាលនីតិកាលថ្មី នៅតែបន្តការយកចិត្តទុកដាក់ខ្ពស់លើវិស័យឧស្សាហ​កម្មផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផល​ធ្វើ​ដំណើរ​ និងកាបូប ដែលជាវិស័យផ្តល់ការងារបានយ៉ាងច្រើនសម្រាប់ប្រជាពលរដ្ឋកម្ពុជា៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print