ភ្នំពេញ៖ នាយករដ្ឋមន្ត្រី នៃកម្ពុជា លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានរំលឹកពីកេរ្តិ៍ដំណែលរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការអភិវឌ្ឍន៍កម្ពុជានិងដឹកនាំរហូតមកដល់បច្ចុប្បន្ន។
ថ្លែងនៅក្នុងជំនួបជាមួយនឹងកម្មករប្រមាណ ១ម៉ឺន ៨ពាន់នាក់ នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លោក ហ៊ុន ម៉ាណែត បានថ្លែងថា អ្វីដែលមាននៅពេលបច្ចុប្បន្ននេះគឺជាស្នាដៃដ៏ធំធេងបំផុតរបស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំកម្ពុជា។ លោកកិត្តិទេសាភិបាលបណ្ឌិត បានប្ដេជ្ញាថារដ្ឋាភិបាលអាណត្តិថ្មី នឹងបន្តរក្សាសមិទ្ធផលដែលទទួលបាននេះឲ្យកាន់តែរីកចម្រើនថែមទៀត។
លោកកិត្តិទេសាភិបាលបណ្ឌិតបន្តថា ; ថា៖ «អ្វីដែលលោកបានចាប់ផ្ដើមហើយរាជរដ្ឋាភិបាលអាណត្តិថ្មី នឹងរួមគ្នាបន្តថែរក្សាសមិទ្ធផលដែលរដ្ឋាភិបាលបានដឹកនាំជិត ៤០ឆ្នាំនេះបានបន្សល់ទុកនិងបន្តដឹកនាំបន្តទៀត»។
លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិថ្មីនឹងរួមគ្នាថែរក្សាសមិទ្ធផលដែលថ្នាក់ដឹកនាំអាណត្តិមុនបានខិតខំកសាង និងបន្សល់ទុកដល់កូនចៅជំនាន់ក្រោយដូច សព្វថ្ងៃនេះ។
លោកបណ្ឌិតបញ្ជាក់ថា គោលបំណងចំនួន២ ដែលជួបជាមួយបងប្អូនកម្មករនិយោជិតនាថ្ងៃនេះ ក្នុងនោះទីមួយ គឺអរគុណចំពោះបងប្អូនកម្មករនិយោជិត និងម្ចាស់រោងចក្រនានា ដែលបានគាំទ្រគណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល និងបានចូលរួមជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបង្កើតការងារ និងបំពេញការងារក្នុងវិស័យកាត់ដេរនៅក្នុងប្រទេសកម្ពុជាឱ្យមានការរីកចម្រើន។ ចំណែកទី២ រាជរដ្ឋាភិបាលអាណត្តិថ្មីប្ដេជ្ញាចិត្តចំពោះបងប្អូនប្រជាពលរដ្ឋ អំពីកម្មវិធីគោលនយោបាយនានាដែលរាជរដ្ឋាភិបាលបានដាក់ចេញ។
លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា វិស័យឧស្សាហកម្មដើរទៅមុខ ដោយមានតួរអង្គ ៣ សំខាន់ គឺកម្មករនិយោជិត ម្ចាស់រោងចក្រ និងរាជរដ្ឋាភិបាល។ បើគ្មានតួរអង្គទាំង ៣ នេះ គឺវិស័យរោងចក្រកាត់ដេរ និងវាយនភណ្ឌមិនអាចរីកចម្រើនទៅមុខបានទេ ៕
ដោយ : សិលា